យោងតាម Daily Mail បានរាយការណ៍ថា ក្លិប Aston Villa បានទាក់ទងមិនផ្លូវការជាមួយអតីត អ្នកចាត់ការ Roma លោក Paulo Fonseca ដើម្បីមកដឹកនាំក្រុមជំនួសលោក Dean Smith។ Aston Villa ទទួលបានលទ្ធផលមិនល្អនោះទេ ក្នុងការប្រកួតរដូវកាលនេះ ដោយក្នុងចំណោម១០ប្រកួតនៅ Premier League ពួកគេរកបានតែ១០ពិន្ទុប៉ុណ្ណោះ ហើយពួកគេបានបរាជ័យជាបន្ដបន្ទាប់៤ប្រកួតជាប់គ្នា។
ដោយឡែកក្លិប Newcastle United ត្រៀមប្រកាសឈ្មោះអ្នកចាត់ការថ្មីរបស់ពួកគេ ក្នុងសប្ដាហ៍នេះ ស្របពេលអ្នកចាត់ការ Villarreal លោក Unai Emery ជាបេក្ខជនជួរមុខសម្រាប់តំណែងនេះ។ នេះបើយោងតាមសារព័ត៌មាន The Mirror។ ប៉ុន្ដែ Metro បានចុះផ្សាយថា លោក Emery មិនបានដឹងអ្វីនោះទេពាក់ព័ន្ធនឹងចចាមអារ៉ាមនេះ។
ក្លិប Al Sadd បានផ្ដល់ដំណឹងទៅ Barcelona ពួកគេត្រូវតែធ្វើដំណើរទៅកាតារ ដើម្បីធ្វើការចរចាផ្ទេរគ្រូបង្វឹក Xavi Hernandez មកកាន់ទឹកដី Camp Nou។ នេះបើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ AS។ ចំណែកឯសារព័ត៌មានអេស្ប៉ាញមួយទៀតគឺ El Nacional បានរាយការណ៍ថា Xavi ចង់បានកីឡាករ៤រូបមកជួយពង្រឹងក្រុម នៅពេលដែលលោកមកកាន់តំណែងនៅ Barcelona។ កីឡាករបួនរូបនោះមានដូចជា Paul Pogba, Erling Haaland, Dani Olmo និង Juales Kounde។