ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Felix Afena-Gyan បានចូលលេងក្នុងក្រុមធំ AS Roma លើកទី៣ ហើយរកបាន២គ្រាប់ម្នាក់ឯងជួយក្រុមឈ្នះ Genoa ចុងម៉ោងយ៉ាងអស្ចារ្យ រួចហើយទទួលបានកាដូតាមការសន្យាពីអ្នកចាត់ការ Jose Mourinho។
Afena-Gyan ត្រូវបានលោក Mourinho ដំឡើងពីថ្នាលមកក្រុមធំក្នុងខែតុលាអំឡុងពេល Roma ផ្ដើមជួបភាពយ៉ាប់យ៉ឺន ហើយមនុស្សជាច្រើនរំពឹងថាកីឡាករជនជាតិហ្គាណាកើតឆ្នាំ២០០៣រូបនេះគ្រាន់តែមកហាត់ដើម្បីបន្ស៊ាំខ្លួនក្នុងក្រុមធំយកបទពិសោធប៉ុណ្ណោះ។ ប៉ុន្តែរឿងហេតុដែលកើតឡើងក្នុងថ្ងៃអាទិត្យទី២១វិច្ឆិកានៅទឹកដី Genoa បានផ្លាស់ប្ដូរការគិតគ្រប់យ៉ាង។
ខណៈក្រុមកំពុងស្មើគ្នា០-០ហើយសល់ពេលតែ១៥នាទីទៀត លោក Mourinho បានប្ដូរ Afena-Gyan ចូលជំនួសខ្សែប្រយុទ្ធអ៊ូបេគីស្ថាន Eldor Shomurodov ដើម្បីកែប្រែថាមពលក្នុងតំបន់ប្រយុទ្ធរបស់ក្រុម។ ៨នាទីបន្ទាប់ យុវជនរូបនេះបានស៊ុតបើកការនាំមុខឱ្យ Roma ដោយពែនមួយប៉ះបញ្ចូលទីនៅមុំបង្គោលទី២ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងស្អាតពី Henrikh Mkhitaryan។
Afena-Gyan មិនបានបញ្ចប់ការងារត្រឹមនេះឡើយ ផ្ទុយទៅវិញ នៅនាទី៩០+៤ គេបានស៊ុតពីចម្ងាយ១គ្រាប់បន្ថែមទៀត។
នៅក្រោយការប្រកួត លោក Mourinho និយាយក្នុងសម្ភាសន៍ជាមួយ DAZN ថា៖ «ខ្ញុំបានសន្យានឹងគាត់ថាបើគាត់ស៊ុតចូល ខ្ញុំនឹងទិញស្បែកជើងមួយគូដែលគាត់ស្រឡាញ់បំផុត ដែលវាមានតម្លៃ៨០០អឺរ៉ូ។ បន្ទាប់ពីធ្វើរឿងនោះបាន គេបានដើរមករកខ្ញុំរួចនិយាយថាកុំភ្លេចការសន្យានោះ។ ព្រឹកស្អែក ខ្ញុំទៅទិញឱ្យគេដូចសន្យា»។
សូមជម្រាបថា ដំណើរជីវិតរបស់ Afena-Gyan ប្រែប្រួលយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ។ មកទល់នឹងឆ្នាំ២០១៨ គេនៅលេងបាល់ឱ្យក្រុមសាលារបស់គេក្នុងប្រទេសហ្កាណានៅឡើយទេ មុនពេលគេបានចុះកិច្ចសន្យាជាមួយថ្នាល EurAfrica FC Academy ដែលជាគម្រោងបាល់ទាត់យុវជនបង្កើតឡើងក្នុងឆ្នាំ២០១៨។
Afena-Gyan បានបន្តភាពរីកចម្រើននិងបង្ហាញទេពកោសល្យឱ្យគ្រូសង្កេតកីឡាករនានាបានឃើញ រួមទាំងលោក Morgan De Sanctics និង Simone Lo Schiavo របស់ Roma ផងដែរ។ ក្នុងខែមករាឆ្នាំ២០២១ Roma និង AC Milan ប្រជែងគ្នាដណ្ដើម Afena-Gyan តែនៅទីបំផុត Roma ជាអ្នកឈ្នះការប្រជែង។
Afena-Gyan និយាយថា៖ «វាពិតជាមហស្ចារ្យណាស់។ វាជាសុបិនក្លាយជាការពិតសម្រាប់ខ្ញុំក្នុងការផ្លាស់មកអឺរ៉ុប។ Roma បានធ្វើឱ្យខ្ញុំពេញចិត្តនៅក្នុងរាត្រីដែលពួកគេវាយបកឈ្នះ Barcelona (ក្នុងខែមេសាឆ្នាំ២០១៨) ដូច្នេះការក្លាយជាផ្នែកមួយនៃក្លិបដ៏អស្ចារ្យមួយនេះគឺពិតជាសុបិនក្លាយជាការពិត»។
ដោយឡែក គួរជម្រាបផងដែរថា មានការលើកឡើងថា ភាពរីកចម្រើនសមត្ថភាពរបស់ Afena-Gyan បានទាក់ទាញចិត្តគ្រូបង្គោលហ្គាណាឱ្យពិចារណាកោះហៅខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះចូលជម្រើសជាតិក្រុមធំជាលើកដំបូងសម្រាប់លេងវគ្គជម្រុះ World Cup 2022 ក្នុងខែវិច្ឆិកានេះ ប៉ុន្តែ Afena-Gyan បានច្រានចោលឱកាសនោះ ដោយសារគិតថាគេមិនទាន់រួចរាល់នៅឡើយទេ និងចង់សម្ងំអភិវឌ្ឍសមត្ថភាពបន្ថែមទៀតសិន៕