Manchester City នឹងទទួល Paris St Germain ម៉ោង៣យប់ថ្ងៃពុធទី២៤ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្នុងការប្រកួតទី៥ពូល A នៃ UEFA Champions League។
ខ្សែការពារជើងចាស់អេស្ប៉ាញ Sergio Ramos មានឈ្មោះធ្វើដំណើរមកអង់គ្លេសជាមួយ PSG ម្សិលមិញ ហើយកីឡាករវ័យ៣៥ឆ្នាំអាចចូលលេងលើកដំបូងសម្រាប់ក្រុមលោក Mauricio Pochettino។
ដោយសារបញ្ហារបួស Ramos មិនទាន់បានលេងឱ្យក្លិបថ្មីឡើយ តាំងពីក្រោយពេលចាកចេញពី Real Madrid ក្នុងរដូវក្ដៅ។
ចំណែក Jack Grealish របស់ Man City វិញនៅមិនទាន់ប្រាកដ១០០%ទេ ដោយរង់ចាំការពិនិត្យពិច័យសិន។ ខ្សែបម្រើប្រយុទ្ធអង់គ្លេសបានអវត្តមានពីការប្រកួត Premier League ដែល Man City ឈ្នះ Everton ២-០ ថ្ងៃអាទិត្យកន្លងទៅ ដោយសាររបួសអំឡុងពេលនៅជាមួយជម្រើសជាតិ តែសង្ឃឹមថាបានលេងយប់នេះ។
Kevin de Bruyne មិនអាចលេងបានទេ ស្របពេល Ferran Torres អាចខកខានរហូតដល់ឆ្នាំក្រោយ។
Man City នឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយប្រសិនពួកគេលេងមិនចាញ់ PSG យប់នេះ។ ហើយមួយទៀត ក្រុមលោក Pep Guardiola ក៏នឹងឡើងទៅជុំបន្ទាប់ដែរ ប្រសិន Club Bruges មិនឈ្នះ RB Leipzig ទេ។
លោក Pochettino បានដឹកនាំ Tottenham ប្រកួតឈ្នះ Man City ក្នុងវគ្គ៨ក្រុមចុងក្រោយ UCL ឆ្នាំ២០១៩ និងបានដឹកនាំ PSG ផ្ដួល Man City ២-០ ក្នុងពូលរដូវកាលនេះ។
ទោះបីយ៉ាងណា លោក Pochettino និយាយថាការប្រកួតលើកមុនមិនអាចប្រដូចនឹងការប្រកួតលើកនេះទេ។ លោកថា៖ «វាខុសគ្នាទាំងស្រុង។ ប្រទេសផ្សេងគ្នា, កីឡាករផ្សេងគ្នា, ក្បួនផ្សេងគ្នា។ ទោះបីក្រុមដដែលអ្នកចាត់ការដដែលក៏ដោយ តែវាអាចប្រែប្រួលក្នុងរយៈពេល១ឆ្នាំ។ កីឡាករថ្មីៗមកដល់ រឿងជាច្រើនអាចកើតឡើង»។
គួរជម្រាបផងដែរថា Lionel Messi រកបាន៧គ្រាប់ក្នុងការចូលលេងទល់ Man City ៧លើកក្នុង Champions League។
PSG បានឈ្នះតែ២០%ប៉ុណ្ណោះក្នុងចំណោមការប្រកួតទល់នឹង Man City ក្នុង Champions League។ ហើយក្នុងចំណោមក្រុមដែល PSG បានប៉ះក្នុង Champions League ចាប់ពី៥ដងឡើងទៅ មានតែ Real Madrid ប៉ុណ្ណោះដែល PSG លេងកម្រឈ្នះជាងប៉ះ Man City គឺភាគរយជ័យជម្នះត្រឹមតែ១៧%ប៉ុណ្ណោះទល់នឹង Real។
PSG មិនដែលឈ្នះឡើយក្នុងការប្រកួតក្រៅទឹកដី៣ប្រកួតចុងក្រោយក្នុង UCL (ស្មើ២ ចាញ់១) ហើយអាចជួបកំណត់ត្រាលេងមិនឈ្នះក្រៅទឹកដីសោះក្នុងវគ្គចែកពូលជាលើកដំបូងតាំងពីរដូវកាល២០០៤-០៥មក៕