និពន្ធនាយកទស្សនាវដ្ដី France Football ដែលជាស្ថាប័នបង្កើតពាន Ballon d’Or បាននិយាយថាមហិច្ឆតាតែមួយគត់របស់ Cristiano Ronaldo គឺចង់ឈ្នះ Ballon d’Or ឱ្យបានច្រើនជាង Lionel Messi មុនចូលនិវត្តន៍។ ការលើកឡើងនេះត្រូវបាន Cristiano Ronaldo ចេញមុខបដិសេធយ៉ាងខ្លាំងក្លា ដោយថាវាជារឿងមិនពិត មិនអាចទទួលយកបានឡើយ។
Ronaldo សង្កត់ធ្ងន់ថាគេតែងអបអរអ្នកឈ្នះពាន Ballon d’Or មិថាជានរណាទេ ហើយគេចង់ឈ្នះពាននេះក៏មិនមែនដើម្បីប្រជែងនឹងនរណាឡើយ ប៉ុន្តែគឺដើម្បីខ្លួនឯង ដើម្បីក្លិបដែលគេលេងឱ្យ និងដើម្បីមនុស្សដែលស្រលាញ់រូបគេ។
កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៦ឆ្នាំមកទល់ពេលនេះបានឈ្នះពាន Ballon d’Or ៥លើក ខណៈ Messi បានឈ្នះលើកទី៧កាលពីយប់ថ្ងៃចន្ទទី២៩ខែវិច្ឆិកាឆ្នាំ២០២១។ ក្នុងពាន Ballon d’Or 2021 នេះ Ronaldo ទទួលបានចំណាត់ថ្នាក់ទី៦ ដ្បិតបានពិន្ទុតិចជាង Messi, Robert Lewandowski, Jorginho, Karim Benzema និង N’Golo Kante តាមលំដាប់។ Ronaldo ពុំមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់នៅប៉ារីសឡើយយប់មិញ។
និពន្ធនាយក France Football លោក Ferre បាននិយាយប្រាប់សារព័ត៌មាន New York Times ថា៖ «Ronaldo មានមហិច្ឆតាតែ១គត់ ហើយនោះគឺការចូលនិវត្តន៍ដោយមានពាន Ballon d’Or ច្រើនជាង Messi….ហើយខ្ញុំដឹងរឿងនេះដោយសារគាត់បានប្រាប់ខ្ញុំ»។
ប៉ុន្តែតារាក្លិប Manchester United : Ronaldo បានបង្ហោះសេចក្ដីថ្លែងការណ៍ច្បាស់ៗលើគណនី Instagram តបចំៗសំដៅលោក Pascal Ferre។
សេចក្ដីប្រកាសរបស់ CR7 មានអត្ថន័យថា៖ «លទ្ធផលថ្ងៃនេះពន្យល់អំពីមូលហេតុដែល Pascal Ferre និយាយសប្ដាហ៍មុន ដែលគាត់បានអះអាងថាខ្ញុំបានប្រាប់រឿងសម្ងាត់ដល់គាត់ថាមហិច្ឆតាតែ១គត់របស់ខ្ញុំគឺការបញ្ចប់អាជីពដោយឈ្នះពានបាល់មាសច្រើនជាង Lionel Messi។ Pascal Ferre បាននិយាយកុហក។ គាត់បានប្រើឈ្មោះរបស់ខ្ញុំដើម្បីផ្សព្វផ្សាយអំពីខ្លួនឯងនិងដើម្បីផ្សព្វផ្សាយកន្លែងដែលគាត់ធ្វើការឱ្យ។ វាមិនអាចទទួលយកបានឡើយដែលមនុស្សម្នាក់ដែលមានភារៈផ្ដល់ពានរង្វាន់ដ៏មានកិត្យានុភាពបែបនេះអាចនិយាយកុហករបៀបនេះទៅបាន ដោយគ្មានការគោរពទាល់តែសោះចំពោះមនុស្សម្នាក់ដែលតែងតែគោរពអង្គភាព France Football និងពាន Ballon d’Or។ ហើយនៅថ្ងៃនេះ គាត់បាននិយាយកុហកម្ដងទៀតហើយ ដោយអះអាងថាអវត្តមានរបស់ខ្ញុំពីកម្មវិធីគឺដោយសារខ្ញុំជាប់ធ្វើចត្តាឡីស័ក ដែលជាសម្ដីគ្មានហេតុផលទាល់តែសោះ។ ខ្ញុំតែងតែចង់អបអរសាទរក្នុងស្មារតីអ្នកកីឡានិងគោលការណ៍ fair-play ដែលខ្ញុំតែងតែប្រកាន់ខ្ជាប់តាំងពីដើមទីមក ចំពោះអ្នកដែលឈ្នះពាន ហើយខ្ញុំធ្វើបែបនេះព្រោះខ្ញុំមិនដែលប្រឆាំងនឹងនរណាម្នាក់ឡើយ។ ខ្ញុំតែងតែចង់ឈ្នះដើម្បីខ្លួនឯងនិងដើម្បីក្លិបដែលខ្ញុំលេងឱ្យ។ ខ្ញុំចង់ឈ្នះដើម្បីខ្លួនឯងនិងមនុស្សដែលស្រឡាញ់ខ្ញុំ។ ខ្ញុំមិនមែនចង់ឈ្នះដើម្បីប្រឆាំងនឹងនរណាម្នាក់ទេ។ មហិច្ឆតាធំបំផុតក្នុងអាជីពរបស់ខ្ញុំគឺចង់ឈ្នះពានជាតិនិងអន្តរជាតិទាំងឡាយសម្រាប់ក្លិបដែលខ្ញុំលេងឱ្យនិងសម្រាប់ក្រុមជម្រើសជាតិក្នុងប្រទេសរបស់ខ្ញុំ។ មហិច្ឆតាធំបំផុតក្នុងអាជីពរបស់ខ្ញុំគឺធ្វើជាគំរូល្អមួយសម្រាប់អ្នកទាំងអស់ដែលជានិងចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។ មហិច្ឆតាធំបំផុតក្នុងអាជីពរបស់ខ្ញុំគឺធ្វើឱ្យឈ្មោះរបស់ខ្ញុំត្រូវបានចារក្នុងក្រាំងមាសក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក»។
«ខ្ញុំនឹងបញ្ចប់សេចក្ដីដោយការនិយាយថាការផ្ដោតរបស់ខ្ញុំគឺមានរួចទៅហើយសម្រាប់ការប្រកួតបន្ទាប់របស់ Manchester United និងលើគ្រប់យ៉ាងដែលពួកយើងនៅតែអាចសម្រេចបានក្នុងរដូវកាលនេះជាមួយគ្នាជាមួយមិត្តរួមក្រុមនិងអ្នកគាំទ្រ។ ចុះរឿងផ្សេងទៀត? រឿងផ្សេងទៀតគឺគ្រាន់តែជារឿងផ្សេងទៀត…»៕