សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) សហការជាមួយការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានដាក់ឱ្យដំណើរការ«កម្មវិធីសុចរិតភាពសកល» ចុងសប្ដាហ៍មុន។
នេះជាកម្មវិធីអន្តរជាតិដ៏គ្រប់ជ្រុងជ្រោយមួយសំដៅផ្ដល់ឱ្យសហព័ន្ធជាសមាជិកចំនួន២១១នូវការបង្កើនចំណេះដឹងនិងឧបករណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការកំណត់លទ្ធផលប្រកួតទុកជាមុន (លក់ការប្រកួត)។
ស្របតាមចក្ខុវិស័យទូទៅរបស់ FIFA ក្នុងការធ្វើឱ្យបាល់ទាត់មានលក្ខណៈសកលពិតៗនិងការបន្តប្ដេជ្ញាចិត្តក្នុងការការពារនិងលើកស្ទួយសុចរិតភាពនៃការប្រកួត កម្មវិធីសុចរិតភាពសកលរបស់ FIFA នេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការអប់រំនិងកសាងសមត្ថភាពសុចរិតភាពក្នុងសហព័ន្ធសមាជិកទាំង២១១នៅជុំវិញពិភពលោកដោយចែករំលែកចំណេះដឹងនិងធនធានជឿនលឿនជាមួយមន្ត្រីសុចរិតភាព។
កម្មវិធីនេះក៏ឆ្លុះបញ្ចាំងពីគោលបំណងរបស់ UNODC ក្នុងការគាំទ្ររដ្ឋាភិបាលនិងស្ថាប័នកីឡានានាក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីការពារកីឡាពីអំពើពុករលួយនិងឧក្រិដ្ឋកម្ម។
ប្រធាន FIFA លោក Gianni Infantino និយាយថា៖ «ការកំណត់លទ្ធផលទុកជាមុនគឺជាបញ្ហាពិតប្រាកដនិងគំរាមកំហែងដល់សុចរិតភាពនិងភាពទុកចិត្តបាននៃបាល់ទាត់នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញនៅ UNODC និងរួមជាមួយកិច្ចខិតខំបន្តដែល FIFA កំពុងធ្វើ កម្មវិធីសុចរិតភាពរបស់ FIFA គឺជាជំហានសំខាន់មួយទៀតរបស់ FIFA ដើម្បីការពារសុចរិតភាពនៃបាល់ទាត់ ហើយ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំនិងកសាងសមត្ថភាពនៅក្នុងសហព័ន្ធសមាជិកដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកំណត់លទ្ធផលទុកជាមុននៅកម្រិតក្នុងស្រុក»៕