អ្នកចាត់ការ Liverpool លោក Jurgen Klopp មានសុទិដ្ឋិនិយមថាខ្សែប្រយុទ្ធឆ្នើម Mohamed Salah នឹងយល់ព្រមស៊ីញេកិច្ចសន្យាថ្មីជាមួយក្លិបហង្សក្រហម។
តារាជើងស៊ុតដ៏មុតស្រួចអេហ្ស៊ីបវ័យ២៩ឆ្នាំកំពុងរីករាយនឹងរដូវកាលដ៏កាក់កបរបស់គេ និងកំពុងឈរកំពូលតារាងអ្នករកគ្រាប់បាល់ក្នុងក្របខណ្ឌ Premier League ក្រោយរកបាន១៣គ្រាប់។
Salah បានផ្ទេរពី AS Roma មក Liverpool ក្នុងឆ្នាំ២០១៧ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គេសល់សុពលភាព១៨ខែទៀត។
ខណៈក្លិបកំពុងចរចាកិច្ចសន្យាថ្មីជាមួយ Salah លោក Klopp និយាយថា៖ «ពួកយើងកំពុងជជែកគ្នា។ ការបន្លាយកិច្ចសន្យាជាមួយកីឡាករដូច Mo នេះគឺមិនងាយស្រួលដូចយើងទៅជួបនរណាម្នាក់ញ៉ាំកាហ្វេមួយកែវនៅពេលព្រឹករួចឈានដល់ការព្រមព្រៀងគ្នានៅពេលរសៀលនោះឡើយ។ Mo មិនអីទេ, ខ្ញុំក៏មិនអីដែរ។ អ្វីដែលពួកយើងចង់បានគឺច្បាស់លាស់។ រឿងបែបនេះត្រូវការពេលវេលា។ ខ្ញុំគិតថាអ្វីដែលពួកយើងទាំងអស់គ្នាចង់បានគឺជារឿងរ៉ាវដែលច្បាស់លាស់។ វាទាមទារពេលវេលា។ រឿងគឺប៉ុណ្ណឹង»។
ដោយឡែក Liverpool នឹងប្រកួត UEFA Champions League នៅទឹកដី AC Milan ម៉ោង៣យប់ថ្ងៃអង្គារទី៧ខែធ្នូនេះ ខណៈក្រុមហង្សក្រហមធានាកៅអីជុំ១៦ក្រុមចុងក្រោយរួចហើយ។
Salah បានស៊ុតបញ្ចូលទីគ្រប់ការប្រកួតក្រៅទឹកដី៦ប្រកួតចុងក្រោយក្នុងពានទ្វីបអឺរ៉ុប ប៉ុន្តែលោក Klopp មិននិយាយថាតើ Salah នឹងលេងក្នុងជម្រើសដំបូងយប់នេះឬអត់នោះទេ។
ទោះបីយ៉ាងណា លោក Klopp បង្ហើបថាលោកមិនអាចប្ដូរជម្រើសដំបូងម្ដងទាំងអស់កើតទេ។ លោកចង់ដាក់កីឡាករដែលជាជម្រើសល្អបំផុតតាមស្ថានភាពដែលក្រុមកំពុងស្ថិតនៅ៕
ប្រភព៖ BBC