អ្នកចាត់ការស្ដីទីរបស់ Manchester United លោក Ralf Rangnick បង្ហាញសប្បាយចិត្ត ចំពោះការបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់ Mason Greenwood ហើយពេលនេះលោកចង់ឱ្យ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ អភិវឌ្ឍសមត្ថភាព ទាំងកាយសម្បទា និងផ្នែកស្មារតី។
ក្នុងការប្រកួត UEFA Champions League វគ្គចែកពូលទល់នឹង Young Boys ជាការតេស្ដសមត្ថភាពកីឡាករក្មេងៗ ដោយសារ Man Utd បានធានាកៅអីវគ្គ១៦ក្រុមនៅកំពូលតារាងរួចរាល់ទៅហើយ។
អ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះ បានផ្ដល់ឱកាសក្នុងការផ្លាស់ប្ដូរជម្រើស១១នាក់ដំបូង ក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ដោយខ្សែប្រយុទ្ធដែលត្រូវបានបណ្ដុះចេញពីថ្នាលរបស់ក្រុមបិសាចក្រហម បង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ដោយរកគ្រាប់បាល់បញ្ចូលទី ពីការស៊ុតវ៉ុល្លេយ៍(volley) បកក្រោយយ៉ាងស្អាត ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ១-១។
ក្រោយចប់ការប្រកួត លោក Rangnick និយាយថា៖ “ខ្ញុំគិតថាថ្ងៃនេះ គេបានបង្ហាញមិនត្រឹមតែគុណភាពនោះទេ ក៏ព្រោះតែគ្រាប់បាល់ដ៏ស្រស់ស្អាតរបស់គេ ប៉ុន្ដែការរៀបចំរបស់គេ ក្នុងការបង្កើតឱកាសឱ្យ Juan Mata គឺពិតជាឈ្លាសវៃណាស់។ គេពិតជាមានទេពកោសល្យណាស់ ទាំងជើងឆ្វេង, ជើងស្ដាំ និងលេងបាល់បានល្អ”។
លោកបានបន្ដថា៖ “គេត្រូវតែអភិវឌ្ឍផ្នែកកាយសម្បទា ប៉ុន្ដែផ្នែកបច្ចេកទេស ក្នុងវ័យរបស់គេ គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ ការងាររបស់ខ្ញុំគឺជួយគេអភិវឌ្ឍ ក្នុងការធ្វើឱ្យគេក្លាយជាអត្តពលិកមួយរូប ហើយប្រសិនបើគេអាចធ្វើបាន គេអាចក្លាយជាកីឡាករដែលទៀងទាត់សម្រាប់ក្លិបរបស់គេ”៕