ម្ចាស់ពានកីឡាករបាល់ទាត់អាហ្វ្រិកល្អបំផុត៤ដង Samuel Eto’o បានជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កាម៉េរូនកាលពីថ្ងៃសៅរ៍ ក្នុងការប្រជែងដ៏ក្ដៅគគុកមួយ។
អតីតខ្សែប្រយុទ្ធដែលបានលើកពាន UEFA Champions League ជាមួយ Barcelona និង Inter Milan វ័យ៤០ឆ្នាំ ទទួលបានសំឡេងគាំទ្រ៤៣សំឡេងពីសមាជិកមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កាម៉េរូន ខណៈអតីតប្រធានសហព័ន្ធ Seidou Mbombo Njoya ដែលក៏ជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកផងនោះ ទទួលបាន៣១សំឡេង។
Eto’o ដែលបានចូលនិវត្តន៍ពីអាជីពកីឡាករក្នុងឆ្នាំ២០១៩ និយាយថា៖ «ពួកយើងត្រូវនាំយកកីឡាករបាល់ទាត់មកចំណុចកណ្ដាលនៃគោលនយោបាយរបស់ពួកយើង។ វាជាតួនាទីរបស់ពួកយើងក្នុងការធានាថាអ្នកទាំងឡាយដែលលេងកីឡានេះមានជីវភាពសមរម្យសម្រាប់ការរស់នៅ»។
អស់រយៈពេលជាយូរមកហើយ សហព័ន្ធកីឡាបាល់ទាត់កាម៉េរូន រងការចោទថាពុករលួយ គ្រប់គ្រងមិនបានត្រឹមត្រូវ។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានធ្វើអន្តរាគមន៍ជាច្រើនលើកនាពេលកន្លងមកដើម្បីបញ្ចប់ជម្លោះរវាងមន្ត្រីក្នុងសហព័ន្ធកីឡាបាល់ទាត់កាម៉េរូន។
Eto’o ពីដំបូងមិនអាចចូលរួមប្រកួតប្រជែងតំណែងប្រធានសហព័ន្ធបានព្រោះលោកមានសញ្ជាតិអេស្ប៉ាញមួយទៀត ដែលខុសទៅនឹងលក្ខន្តិកៈកំណត់ដែលថាអ្នកមានសញ្ជាតិ២មិនអាចប្រជែងតំណែងនេះបាន។ ប៉ុន្តែបន្ទាប់ពីមានការតវ៉ា លក្ខន្តិកៈនេះបន្ទាប់មកក៏ត្រូវបានដកចេញវិញ ហើយ Eto’o អាចចូលប្រកួតប្រជែងបាន។
Eto’o ទទួលបានការគាំទ្រយ៉ាងច្រើនពីអតីតមិត្តរួមក្រុមជម្រើសជាតិ ក្នុងយុទ្ធនាការឃោសនាដ៏ល្បីមួយដែល Eto’o បានប្ដេជ្ញាចិត្តថានឹងលុបបំបាត់អំពើពុករលួយក្នុងបាល់ទាត់កាម៉េរូន។
សូមជម្រាបផងដែរថា ប្រទេសកាម៉េរូន នឹងធ្វើម្ចាស់ផ្ទះ African Cup of Nations ពីថ្ងៃទី៩ខែមករាដល់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២២។
Eto’o ធ្លាប់លើកពាននេះ២ដងអំឡុងនៅជាកីឡាករជម្រើសជាតិកាម៉េរូន៕
ប្រភព៖ espn