កីឡាករលេងបានច្រើនតំណែងរបស់ Bayern Munich : Joshua Kimmich និយាយថាគេស្ដាយក្រោយដែលមិនបានចាក់វ៉ាក់សាំង បន្ទាប់ពីមានបញ្ហាសួតដោយសារតែឆ្លងជំងឺកូវីដ១៩។
Kimmich បានតេស្តវិជ្ជមានកូវីដ១៩ខែមុន ហើយគេមិនអាចលេងបានរហូតដល់ឆ្នាំថ្មី។
កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ២៦ឆ្នាំដែលអាចលេងការពារស្ដាំនិងបម្រើការពារ មកទល់ពេលនេះមិនទាន់ត្រលប់មកហ្វឹកហាត់ពេញលេញឡើងវិញនៅឡើយទេ។
នៅពេលត្រូវបានសួរថាហេតុអ្វីគេមិនព្រមចាក់វ៉ាក់សាំងកូវីដ១៩ Kimmich ប្រាប់ទូរទស្សន៍អាល្លឺម៉ង់ ZDF ថា៖ «វាពិបាកសម្រាប់ខ្ញុំក្នុងការដោះស្រាយជាមួយនឹងភាពភ័យខ្លាចនិងក្ដីបារម្ភរបស់ខ្ញុំ។ អីចឹងហើយបានជាខ្ញុំនៅរារែកអស់រយៈពេលយូរ»។
Kimmich បន្តថាឥឡូវនេះសុខធម្មតាទេ ប៉ុន្តែគេមិនទាន់អាចប្រើប្រាស់រាងកាយអស់មួយទំហឹងកម្លាំងនៅឡើយទេ ដោយសារនៅសល់ជម្រាបបន្តិចបន្តួចក្នុងសួតរបស់គេ។
Kimmich ពេលនេះគ្រោងទទួលការចាក់វ៉ាក់សាំងក្នុងពេលខាងមុខ។ រដ្ឋមន្ត្រីអប់រំនិងស្រាវជ្រាវអាល្លឺម៉ង់ អ្នកស្រី Bettina Stark-Watzinger និយាយថានេះជាការសម្រេចចិត្តល្អមួយ។ អ្នកស្រី បានសរសេរលើ Twitter ថា៖ «ក្នុងនាមជាកីឡាករបាល់ទាត់អាជីពនិងជាកីឡាករជម្រើសជាតិម្នាក់ Kimmich ជាគំរូសម្រាប់មនុស្សជាច្រើន។ ការចាក់វ៉ាក់សាំងកាន់តែច្រើនគឺជាវិធីដើម្បីចេញផុតពីការរាតដ្បាតដោយជំងឺកូវីដ១៩»។
គួរជម្រាបថា មកទល់ពេលនេះ Kimmich បានខកខានការប្រកួតទល់នឹង Augsburg, Arminia Bielefeld, Borussia Dortmund ក្នុង Bundesliga និងការប្រកួត Champions League របស់ Bayern ទល់នឹង Dynamo Kyiv និង Barcelona។ គេនឹងបន្តអវត្តមាន៣ប្រកួតទៀតទល់នឹង Mainz, Stuttgart និង Wolfsburg មុនពេល Bundesliga សម្រាករដូវរងា។
Kimmich និយាយថាគេត្រូវអត់ធ្មត់បន្ថែមបន្តិចទៀត និងមើលការប្រកួត៣ប្រកួតចុងក្រោយរបស់ Bayern ក្នុងឆ្នាំនេះ តែគេនឹងមកប្រយុទ្ធជាមួយមិត្តរួមក្រុមឡើងវិញក្នុងខែមករាឆ្នាំថ្មី៕
ប្រភព៖ bbc