កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ក្លិប Barcelona បានប្រកាសថា គម្រោងពិភាក្សាកិច្ចសន្យាថ្មីសម្រាប់ Lionel Messi ត្រូវបានលុបចោល ហើយខ្សែប្រយុទ្ធអាហ្សង់ទីន អាចចាកចេញពីទឹកដី Camp Nou ដោយមិនមានតម្លៃផ្ទេរ ក្រោយរួមរស់ជាមួយគ្នា អស់ពេល១៧ឆ្នាំ។
ក្លិបកាតាឡូញ៉ា មិនអាចរក្សាតារាឆ្នើមបំផុតក្នុងក្រុមឱ្យនៅបន្ដជាមួយពួកគេបាន ដោយសារបញ្ហាហិរញ្ញវត្ថុ រួមជាមួយច្បាប់កំណត់ដោយលីគកំពូលអេស្ប៉ាញ។ ៥ថ្ងៃបន្ទាប់ Messi ត្រូវបានប្រកាសពីការផ្ទេរទៅក្លិបយក្សបារាំង Paris Saint-Germain។
ដោយឡែកការចាកចេញរបស់ Cristiano Ronaldo ពីក្លិប Juventus ជារឿងមួយខុសប្លែកពីគ្នា។ មិនសូវខុសពីអ្វីដែលបានកើតឡើងនៅ Real Madrid, ខ្សែប្រយុទ្ធព័រទុយហ្កាល់ មានអារម្មណ៍ឆ្អែតឆ្អន់នៅអ៊ីតាលី ហើយចង់បន្ដការប្រកួតប្រជែងផ្សេងទៀត ទើបសម្រេចចិត្តផ្លាស់មកចូលរួមក្លិបចាស់ Manchester United នាថ្ងៃទី២៧ ខែសីហា បន្ទាប់ពីបានចូលរួមការប្រកួតដើមរដូវកាលនៅ Juventus។
រយៈពេល៤ខែដែលតារាឆ្នើមទាំងពីររូបនេះ បានចាកចេញ, អតីតក្លិបរបស់ពួកគេ ហាក់ប្រឈមនឹងការពិបាក ជាងកាលពួកគេនៅមានវត្តមាន។ ទាំង Juventus ទាំង Barcelona ហាក់មានការពិបាកក្នុងការរកគ្រាប់បាល់ក្នុងរដូវកាលនេះ ហើយសម្រាប់ Barca ពួកគេបានជ្រុះចេញពី UEFA Champions League ត្រឹមវគ្គចែកពូល។