Skip to content
ប្រណាំងកង់ជើងឯកថ្នាក់ជាតិជាការបង្កើនបច្ចេកទេសដល់កីឡាករ-កីឡាការិនី
    ទំព័រដើម  »  កីឡាជាតិ

ប្រណាំងកង់ជើងឯកថ្នាក់ជាតិជាការបង្កើនបច្ចេកទេសដល់កីឡាករ-កីឡាការិនី

ការប្រកួតទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នឹងធ្វើឡើងនៅថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមករា លើទឹកដីអង្គរ ខេត្តសៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា ការប្រកួតនេះនឹងរួមចំណែកបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនី និងបង្កើនទាំងការរៀបចំរបស់មន្ត្រីបច្ចេកទេស ដើម្បីត្រៀមខ្លួនព្រមគ្នា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការដដែលបន្តថា ទោះមានវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យការប្រកួតប្រជែងកម្រិតខ្ពស់មួយនេះ បានពន្យារពេល ប៉ុន្តែមិនអាចផ្លាស់ប្តូរឆន្ទៈ និងគោលដៅនៃការរៀបចំនេះបានទេ ដោយសហព័ន្ធនៅតែពង្រឹងលើការផលិតធនធានកីឡាទោចក្រយាន ក៏ដូចជាការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យផងដែរ។

លោក នូ ចំរើន គូសបញ្ជាក់ទៀតថា គោលដៅនៃការរៀបចំព្រឹត្តការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ទី១-អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំដ៏ខ្ពងខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ ដែលបានដាក់ចេញ ក្នុងការពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយាន លើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។ ទី២-គោលដៅសំខាន់មួយទៀត គឺការប្រកួតនេះ ជាការផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី បានបញ្ចេញទេពកោសល្យ និងជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ។

លោកស្រី ឈុន ណៃឈីវ អគ្គនាយិកាក្រុមហ៊ុន Herbalife បានលើកឡើងដែរថា នេះជាឆ្នាំទី២ ដែលក្រុមហ៊ុនរបស់លោកស្រី បានឧបត្ថម្ភគាំទ្រដល់ការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីរួមចំណែកជាមួយសហព័ន្ធ ក្នុងការផលិតធនធានប្រកបដោយគុណភាព ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើង។ លោកស្រីប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់សកម្មភាពកីឡានៅកម្ពុជា មិនត្រឹមតែវិស័យកីឡាកង់នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបត្ថម្ភគាំទ្រដល់វិស័យកីឡាហែលទឹកកម្ពុជា និងប្រភេទកីឡាមួយចំនួនទៀតផងដែរ។

គួរដឹងដែរថា ការប្រកួតទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ មានអត្តពលិក ចំនួន ២៥២នាក់ មកពី ១៨សមាគម ក្លិបរាជធានី ខេត្ត៕