Skip to content
អគ្គលេខាប្រដាល់សកលកម្ពុជាជាប់ឆ្នោតជាសមាជិកប្រដាល់សកលអាស៊ី
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

អគ្គលេខាប្រដាល់សកលកម្ពុជាជាប់ឆ្នោតជាសមាជិកប្រដាល់សកលអាស៊ី

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា (CBF) ត្រូវបានជ្រើសរើសជាគណៈកម្មាធិការប្រតិបត្តិ/ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាប្រដាល់អាស៊ី (ASBC)។ ការជ្រើសរើសនេះធ្វើឡើងក្នុងសមាជវិសាមញ្ញរបស់ ASBC នៅថ្ងៃទី ១២ ខែមីនា នៅសណ្ឋាគារ Marriott ក្នុងទីក្រុងអាម៉ង់ ប្រទេសហ្សកដានី។
លោក Pichai Chunhavajira មកពីប្រទេសថៃត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន ASBC ជំនួសលោក Anas Alotaiba មកពីប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់។ លោក Pichai ក៏ជាប្រធានសហព័ន្ធប្រដាល់ថៃ (TBA) ផងដែរ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកត់សម្គាល់ថា នេះជាលើកទីមួយសម្រាប់កម្ពុជា ដែលទទួលបានអាសនៈក្នុងគណៈកម្មាធិការប្រតិបត្តិ/ក្រុមប្រឹក្សាភិបាលរបស់ ABC។
លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា នេះជាសមិទ្ធផលកម្ពុជាទទួលបាន ដែលសរុបទៅមានចំនួន៣ធំ គឺ ៖
១. ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់សកលអាស៊ី អាណត្តិ២០២២-២០២៦ និងមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់សហព័ន្ធប្រដាល់សកលអាស៊ី ។

២. ទទួលបានការគាំទ្រពីសមាគមកីឡាប្រដាល់សកលថៃក្នុងការរ៉ាប់ការចំណាយសំបុត្រយន្តហោះ ហូបចុក និងស្នាក់នៅ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ៣រូប និងគ្រូបង្វឹក ១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងប្រកួត Thailand Open 2022 ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្ត Phuket ប្រទេសថៃ ដើម្បីពង្រឹងបច្ចេកទេសក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ។

៣. សហព័ន្ធប្រដាល់សកលអាស៊ីបានឧបត្ថម្ភសម្ភារហ្វឹកហាត់ដល់សហព័ន្ធប្រដាល់សកលកម្ពុជាតាមការស្នើសុំរបស់ភាគីកម្ពុជា ។
លោក ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា ការចេញទៅហ្វឹកហាត់នៅប្រទេសថៃនឹងជួយអត្តពលិករបស់យើងត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២១ និង ២០២៣។
លោក សោភ័ណ្ឌ បន្ថែមថា “៖យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចបាននូវគោលដៅរបស់យើង មិនត្រឹមតែស៊ីហ្គេមឆ្នាំ ២០២១ ប៉ុណ្ណោះទេ ថែមទាំងនៅស៊ីហ្គេម ឆ្នាំ ២០២៣ ទៀតផង។”
សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធប្រដាល់សកលកម្ពុជាបានដាក់គោលដៅ យ៉ាងហោចមេដាយមាស៕