Manchester City បានយកឈ្នះ Chelsea ដល់ក្នុងទឹកដីជាមួយលទ្ធផល ៣-១ ធ្វើឱ្យអនាគតលោក Frank Lampard ប្រឈមនឹងភាពមិនច្បាស់លាស់។
ក្រុមភ្ញៀវមេឃខៀវមិនមានវត្តមានកីឡាករជម្រើស១១នាក់ដំបូងច្រើនរូប ដោយសារឆ្លងជំងឺកូវីដ១៩ ប៉ុន្ដែពួកគេអាចរកគ្រាប់បាល់នាំមុខក្រុមតោខៀវ ៣គ្រាប់ត្រឹមជាង៣០នាទីដំបូងនៃការប្រកួត។
ខ្សែបម្រើ Ilkay Gundogan រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ ក្រុមលោក Pep Guardiola នៅនាទីទី១៨ មុនពេល Phil Foden រកបានមួយគ្រាប់ទៀតនៅ៣នាទីបន្ទាប់ ហើយប្រធានក្រុម Kevin de Bruyne រកបានគ្រាប់ទី៣ នៅនាទីទី៣៤។
ទោះយ៉ាងណាក្ដី Callum Hudson-Odoi រកបានមួយគ្រាប់មកវិញឱ្យ Chelsea នៅចុងម៉ោង ពីការបញ្ជូនរបស់ Kai Havertz នៅនាទីទី៩០+២។
ខាងក្រោមនេះជាស្ថិតិ និងកំណត់ត្រានៃការប្រកួតរវាង Chelsea និង Manchester City៖
- ៦ប្រកួតចុងក្រោយ Chelsea បរាជ័យ៤ប្រកួត ដែលស្មើនឹង២៣ប្រកួតចុងក្រោយដែលពួកគេបានលេង ដោយឈ្នះ១៤លើក ស្មើ៥លើក និង ចាញ់៤លើក។
- បើគិតតាំងពីដើមខែធ្នូ ឆ្នាំ២០២០មក មានតែក្រុមបាតតារាង West Bromwich Albion និង Sheffield United ប៉ុណ្ណោះ ដែលបរាជ័យច្រើនប្រកួតជាង Chelsea នៅ Premier League។ West Brom ចាញ់៥ប្រកួត Sheffield United ចាញ់៦ប្រកួត ខណៈក្រុមរបស់លោក Frank Lampard បរាជ័យ៤ប្រកួត។
- នេះជាលើកទី១១ដែល Chelsea របូតគ្រាប់បាល់៣គ្រាប់នៅវគ្គទី១នៃការប្រកួតនៅ Premier League ដែលក្នុងចំណោម១១លើកនោះមានតែម្ដងប៉ុណ្ណោះ ដែលពួកគេមិនបរាជ័យ ពោលគឺស្មើ១ និងចាញ់១០លើក។
- នៅក្នុងវ័យ ២០ឆ្នាំ និង ២២០ថ្ងៃ Phil Foden ជាកីឡាករក្មេងបំផុតទី២ ដែលអាចរកគ្រាប់បាល់ផង និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីផង ក្នុងជំនួប Premier League ទល់នឹង Chelsea បន្ទាប់ពី Jermain Defoe កាលពីខែកញ្ញា ឆ្នាំ២០០២ ដែលកាលនោះ Defoe មានអាយុ ១៩ឆ្នាំ និង ៣៥៦ថ្ងៃ។
- តាំងពីចាញ់ ២-០ ក្រោមថ្វីជើង Tottenham នៅខែវិច្ឆិកាមក Manchester City រកបាន១៧ពិន្ទុ(ឈ្នះ៥ ស្មើ២) ពីការលេង៧ប្រកួត ហើយមានតែ Manchester United ប៉ុណ្ណោះ ដែលរកបានច្រើនពិន្ទុជាងពួកគេ(២០ពិន្ទុ)។
- Kevin de Bruyne របស់ Manchester City រកគ្រាប់បាល់៤ប្រកួតផ្សេងគ្នានៅ Premier League ទល់នឹង Chelsea ក្រោយចាកចេញពីទឹកដី Stamford Bridge។ ក្នុងចំណោម៤ប្រកួតនោះ ខ្សែបម្រើបែលហ្ស៊ិក រកគ្រាប់បាល់បាន៤គ្រាប់ ដែលជាគ្រាប់បាល់ច្រើនបំផុតពីអតីតកីឡាករ ដែលលេងតទល់នឹងក្រុមតោខៀវ។
- Ilkay Gundogan រកគ្រាប់បាល់បាន៣គ្រាប់សម្រាប់ Man City ពីការចូលលេង៤លើក។ ស្ថិតិគ្រាប់បាល់នេះជាចំនួនប្រសើរជាងពេញរដូវកាលមុន ដោយគេរកបានតែ២គ្រាប់ក្នុងការចូលលេង៣១លើក៕