កាលពីកន្លងមក AMS Sports បាននិយាយពីប្រវត្តិរបស់ ខ្សែប្រយុទ្ធ Awer Mabil ដែលមានឪពុកម្ដាយជាជនភៀសខ្លួននៅប្រទេសស៊ូដង់ បានមករស់នៅប្រទេសអូស្ដ្រាលី ហើយបានស៊ុតប៉េណាល់ទីជ័យជម្នះទល់នឹងប៉េរូ ដែលជួយឱ្យអូស្ដ្រាលីទទួលបានកៅអី FIFA World Cup 2022 នៅប្រទេសកាតារ។
Mabil បានឆ្លងកាត់បទពិសោធដ៏លំបាកមិនតិចទេ ទម្រាំបានរស់នៅក្នុងជីវភាពដ៏ប្រសើរក្នុងអាជីពជាកីឡាករបាល់ទាត់ ដោយបានចូលរួមក្លិបជាច្រើននៅអឺរ៉ុប ហើយកាលពីថ្មីៗនេះ ក្លិបមួយនៅអេស្ប៉ាញបានប្រកាសពីការនាំយក ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះមកចូលក្រុម។
កីឡាករជម្រើសជាតិអូស្ដ្រាលីរូបនេះ បានសម្រេចមហិច្ឆតារបស់ខ្លួន ដោយចូលរួមក្លិប Cadiz FC នៃក្របខណ្ឌ La Liga ក្រោយចំណាយពេល៧ឆ្នាំនៅក្លិបដាណឺម៉ាក Midtjylland ដែលគេលេងបាន១០៨ប្រកួតនៅទីនោះ។