ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២២ ឈានដល់វគ្គ៨ក្រុមចុងក្រោយហើយដោយជើងទី១នឹងចាប់ផ្ដើមក្នុងពាក់កណ្ដាលសប្ដាហ៍នេះ។
សមាសភាពក្រុមដែលឡើងដល់វគ្គ៨ក្រុមចុងក្រោយលើកនេះខុសប្លែកពីវគ្គ១/៤ឆ្នាំមុនបន្តិច ពិសេសវត្តមានក្រុមមកពីលីគ២ កោះកុងអេហ្វស៊ី ដែលបានផ្ដួលក្រុមលីគកំពូល អង្គរថាយហ្គឺរ យ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងវគ្គ១៦ក្រុមកន្លងទៅ ជាមួយគ្រាប់បាល់សរុប៤-៣។ ឆ្នាំមុន កោះកុងអេហ្វស៊ី បានធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ១ទល់នឹង៦។
មួយទៀត ក្រុមកងយោធពលខេមរភូមិន្ទដែលជាក្រុមជោគជ័យបំផុតមួយក្នុងពានដែលប្រើប្រាស់តែកីឡាករខ្មែរ ពុំមានបរទេសចូលលេងនេះ ក៏បានឡើងដល់វគ្គខ្ពស់ជាងរដូវកាលមុនផងដែរ។ រដូវកាលមុន ក្រុមខ.ភ.ម បានធ្លាក់ត្រឹមវគ្គ១/៨ក្រោមថ្វីជើង អគ្គិសនីកម្ពុជា ០-៤។ តែរដូវកាលនេះ ក្រុមដែលមានលោក ហោ សុខហេង ជាគ្រូបង្គោល បានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់ក្រុមលីគ២ នគរបាលជាតិ ដោយលទ្ធផល៤-២។
ចំណែក វិសាខា បឹងកេត ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង អគ្គិសនីកម្ពុជា និង ណាហ្គាវើលដ៍ សុទ្ធតែបានឡើងដល់វគ្គនេះឆ្នាំមុន។
សម្រាប់ការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយពានសម្ដេចហ៊ុនសែនឆ្នាំ២០២២ពាក់កណ្ដាលសប្ដាហ៍នេះ ក្រុមភ្នំពេញក្រោន នឹងស្វាគមន៍ ក្រុមណាហ្គាវើលដ៍ ម៉ោង៦៖៣០ល្ងាច, ក្រុមអគ្គិសនីកម្ពុជា ទទួល ព្រះខ័នរាជស្វាយរៀង ម៉ោង៣៖៣០រសៀល, ក្រុមវិសាខា ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ កង យោធពលខេមរភូមិន្ទ ម៉ោង៦៖៣០ល្ងាច រីឯ បឹងកេត លេងនៅទឹកដី កោះកុង អេហ្វស៊ី ម៉ោង៣៖៣០រសៀល នៅទីលានវិទ្យាល័យ តេជោសែន ខេត្តកោះកុង។
រីឯជើងទី២ នឹងធ្វើនៅថ្ងៃពុធទី៣១ខែសីហាឆ្នាំ២០២២ ដោយផ្លាស់ប្ដូរទឹកដីទៅវិញទៅមក។
គួររំឭកផងដែរថា ក្នុងវគ្គ១៦ក្រុមចុងក្រោយកន្លងទៅ អគ្គិសនីកម្ពុជា បានប្រកួតឈ្នះ គិរីវង់សុខសែនជ័យ ៤-៣, ព្រះខ័នរាជស្វាយរៀង ឈ្នះ សូលទីឡូអង្គរ ៥-០, វិសាខា ឈ្នះ សៀមរាបអេហ្វស៊ី ៩-២, ណាហ្គាវើលដ៍ ឈ្នះ អាស៊ីអឺរ៉ុប៤-០, បឹងកេត ឈ្នះ អាយអេសអាយដង្កោសែនជ័យ ៥-២, ភ្នំពេញក្រោន ឈ្នះ ព្រៃវែងអេហ្វស៊ី ៥-៤៕