Skip to content
KMH Park នឹងទទួលប្រកួតដំបូងនៅថ្ងៃទី០២ ខែតុលា ក្រោយការកែលម្អថ្មី
    ទំព័រដើម  »  កីឡាជាតិ

KMH Park នឹងទទួលប្រកួតដំបូងនៅថ្ងៃទី០២ ខែតុលា ក្រោយការកែលម្អថ្មី

កីឡដ្ឋាន KMH Park នឹង ចាប់ផ្ដើមទទួលការប្រកួតជាផ្លូវការនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃនៃការប្រកួត Cambodian League 2 ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី។ នេះបើតាមការឲ្យដឹងពីលោក លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ក្នុងពិធីបើកសាកល្បងកីឡដ្ឋាន KMH Park នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា នេះជាការស្ថាបនាជំហានដំបូង ដោយមានការកែប្រែស្មៅ និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេង បូករួមទាំងលទ្ធភាពផ្ទុកអ្នកទស្សនា៣០០០នាក់។ លោក សៀក សុវណ្ណ បញ្ជាក់ថា ជំហានដំបូងនេះ (First Step) មិនទាន់អាចប្រកួតនៅពេលយប់បាននៅឡើយទេ។ តែយ៉ាងណា ក្លិបរបស់លោកនៅតែបន្តការអភិវឌ្ឍទៅមុខជានិច្ច ពោលការបន្ថែមភ្លើងស្ថិតក្នុងជំហាន បន្ទាប់ទៀត។ ទាក់ទងទៅនឹងការបើកសាកល្បងនេះ អាយអេសអាយដង្កោសែនជ័យ ក៏បានរៀបចំការប្រកួតពានរង្វាន់កុមារសហគមន៍ ISI Community Cup 2022 ផងដែរ។

ពានរង្វាន់កុមារសហគមន៍នេះ រៀបចំឡើងក្នុងគោលបំណងបំផុសចលនាកីឡាក្នុងសហគមន៍ដល់កុមារ និងយុវជន ឲ្យចូលរួមលេងកីឡា ពិសេសខណ្ឌទាំង៣ ដែលក្លិបលេងតំណាង រួមមានខណ្ឌពោធិសែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ស្មើនឹង ២៤សង្កាត់។ ការប្រកួតនេះមាន ៤កម្រិតអាយុ រួមមាន U8, U10, U12 និង U14 ដែលមានអ្នកចូលរួមសរុប ៥០០នាក់។

ក្រោយបញ្ចប់ការប្រកួត និងទទួលបានការគាំទ្រច្រើនក្នុងកម្មវិធីនេះ ក្លិបបានកំណត់យកថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ ដើម្បីរៀបចំការប្រកួតបន្ដទៀត ដោយអនុញ្ញាតឲ្យចូលរួមប្រកួតដោយសេរី ដើម្បីលើកទឹកចិត្តដល់កុមារក្នុងសហមន៍ឲ្យស្រលាញ់ក្លិបផង និងលេងកីឡាផង ពិសេសដើម្បីជំរុញ និងផ្ដល់ឱកាសដល់កុមារ ក៏ដូចជាយុវជន ដែលចង់ក្លាយជាកីឡាករអាជីព បានអភិវឌ្ឍខ្លួន និងឈានទៅសម្រេចក្ដីស្រមៃតែម្ដង៕