ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំនិង១៨ឆ្នាំ ឆ្នាំ២០២២ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ហើយនៅចុងសប្ដាហ៍នេះ។
បន្ទាប់ពីបានចាប់ផ្តើមបើកការប្រកួតវគ្គចែកពូលកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២កន្លងមក ក្រុមយុវជនអាយុក្រោម១៥ឆ្នាំចំនួន៣៦ក្រុម និងក្រុមយុវជនអាយុក្រោម១៨ឆ្នាំចំនួន៣៩ក្រុមបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។ ហើយនៅទីបំផុត ពេលនេះរកឃើញក្រុមយុវជនអាយុក្រោម១៥ឆ្នាំខ្លាំងៗបំផុតចំនួន៤ក្រុមមានដូចជា សាលាតម្រង់ទិសខេត្តស្វាយរៀង,ក្លិបបាល់ទាត់ណាហ្គាវើលដ៍,ក្លិបធីហ្វី អាមី និង ក្លិបអង្គរថាយហ្គឺរ ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
រីឯកម្រិតអាយុក្រោម១៨ឆ្នាំវិញ ក្រុមខ្លាំងៗចំនួន៤បានឡើងមកដល់វគ្គ១/២ផ្ដាច់ព្រ័ត្រ គឺក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ, ក្លិបភ្នំពេញក្រោន,ក្លិបវិសាខា និង សាលាបាល់ទាត់ជាតិបាទី។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ទាំងU15និងU18 នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៨ខែសីហា ចុងសប្តាហ៍នេះដូចៗគ្នាដោយការប្រកួតនឹងចាប់ផ្តើមពីម៉ោង8:00ព្រឹកតទៅ។
ក្នុងនោះ ក្រុម ធីហ្វីអាមី U15 ត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ U15 និង ក្រុមអង្គរថាយហ្គឺរ U15 ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ សាលាតម្រង់ទិសខេត្តស្វាយរៀង។
ចំណែកក្រុមយុវជនអាយុក្រោម១៨ វិសាខា U18 ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ U18 ស្របពេល ក្រុម សាលាបាល់ទាត់ជាតិបាទីU18 ត្រូវទទួលក្រុមភ្នំពេញក្រោនU18។
គួររំឭកផងដែរថា ក្នុងវគ្គ៨ក្រុមចុងក្រោយកន្លងទៅ ក្រុមធីហ្វីអាមីU15 បានយកឈ្នះ សាលាតម្រង់ទិសខេត្តរតនៈគិរីU15 5-1, អង្គរថាយហ្គឺរ U15 ឈ្នះ សាលាតម្រង់ទិសខេត្តកំពតU15 ដោយបាល់កាត់សេចក្តី 3-1 បន្ទាប់ពីប្រកួត៩០នាទី បានត្រឹមស្មើគ្នា 2-2, ណាហ្គាវើលដ៍ខេត្តកំពង់ស្ពឺ U15 ឈ្នះ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ U15 4-2 និង សាលាតម្រង់ទិសខេត្តស្វាយរៀង U15 ឈ្នះ អគ្គិសនីកម្ពុជា U15 ដោយបាល់កាត់សេចក្តី 5-4 បន្ទាប់ពីប្រកួត៩០នាទីបានត្រឹមស្មើគ្នា 1-1។ ចំណែកឯយុវជនអាយុក្រោម១៨ឆ្នាំវិញ ក្រុម វិសាខា U18 បានយកឈ្នះ សាលាតម្រង់ទិសខេត្តកំពង់ចាម U18 3-0, សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យU18 ឈ្នះ ណាហ្គាវើលដ៍ U18 2-1, សាលាបាល់ទាត់ជាតិបាទី ឈ្នះ អង្គរថាយហ្គឺរ 2-1 និង ភ្នំពេញក្រោន ឈ្នះ សាលាតម្រង់ទិសខេត្តស្វាយរៀង 3-0៕