កីឡាការិនី ចាប ឌីម៉ង់ សមាជិកក្រុមប៉េតង់៣ទល់៣នារីទីស្ដីការគណៈរដ្ឋមន្ត្រីបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលអាចដណ្ដើមបានមេដាយមាសការប្រកួតពានរង្វាន់គរុគុណ ឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិតាមរយៈជ័យជម្នះលើក្រុមយោធិភូមិភាគពិសេស។
ក្រុមទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានកីឡាការិនី ឃួន យ៉ារី, ស៊ុន គន្ធា, ចាប ឌីម៉ង់ និងស៊ិន នារី បានវាយបកយកឈ្នះក្រុមកីឡាការិនី ឌួង ឌីណា, អ៊ុន ស្រីយ៉ា, ពៅ ឈូករ័ត្ន និងឡេង ម៉ីអ៊ ក្នុងវគ្គផ្ដាច់ព្រ័ត្រ១៣ទល់នឹង៦។ ឌីម៉ង់ បង្ហើបថា នេះជាជ័យជម្នះលើកដំបូងលើភូមិភាគពិសេស ហើយក៏ទទួលបានការសរសើរពីរៀមច្បងថែមទៀត។
ក្រោយចប់ការប្រកួតគរុគុណដ៏ធំនេះ ចាប ឌីម៉ង់ ប្រាប់ថា មើលឃើញសមាជិកក្រុមទាំងអស់កាន់តែយល់ចិត្តគ្នាខ្លាំងជាងមុន ហើយសង្ឃឹមថា នឹងអាចធ្វើបានកាន់តែប្រសើរនាពេលខាងមុខទៀត។ យ៉ាងណា កីឡាការិនីជម្រើសជាតិដដែលសង្កត់ធ្ងន់ថា នឹងព្យាយាមពង្រឹងសមត្ថភាព និងបទពិសោធបន្ថែមទៀតដែរ។
គួរដឹងដែរថា ក្រៅពីដណ្ដើមបានមេដាយមាស៣ទល់៣នារី ក្រុមទីស្ដីការគណៈរដ្ឋមន្ត្រីក៏ឆក់បានមេដាយមាសនារីទោលអាយុក្រោម១៥ឆ្នាំ, ក្រុម៣ទល់៣យុវជន និងពានធំបុរស៣ទល់នឹង៣៕