Skip to content
ជម្រើស១១នាក់ល្អបំផុតដែល Sir Alex Ferguson បរាជ័យក្នុងការនាំមក Man United
    ទំព័រដើម  »  កីឡាអន្តរជាតិ

ជម្រើស១១នាក់ល្អបំផុតដែល Sir Alex Ferguson បរាជ័យក្នុងការនាំមក Man United

Sir Alex Ferguson ត្រូវបានចាត់ទុកថាជាអ្នកចាត់ការល្អបំផុតមួយរូប នៅក្នុងប្រវត្តិសាស្ដ្ររបស់ Manchester United ដោយបានជួយឱ្យពួកគេឈ្នះ Premier League ១៣លើក Champions League ២លើក និង ពានរង្វាន់ផ្សេងៗទៀតច្រើន។

ទោះបីជាលោក Ferguson កសាងភាពជោគជ័យ និង ឈ្នះពានរង្វាន់ជាច្រើនដោយ ផ្ដោតទៅលើការបណ្ដុះធនធានកីឡាករដែលមានស្រាប់ ដូចជា David Beckham, Paul Scholes និង Gary Neville ជាដើម ប៉ុន្ដែអ្នកចាត់ការរូបនេះនៅតែ ព្យាយាមតាមទិញកីឡាករដែលល្បីស្រាប់មកជួយក្រុមឱ្យកាន់តែល្អផងដែរ។

បើតាមការចុះផ្សាយរបស់វេបសាយ talkSPORT បានបង្ហាញជម្រើស១១នាក់ល្អបំផុត ដែលលោក Ferguson ខកខានក្នុងការនាំយក មកចូលរួមក្រុមបិសាចក្រហម។

អ្នកចាំទី៖ Petr Cech

មុនពេលប្រកបអាជីពជាអ្នកចាំទីនៅលីគកំពូលអង់គ្លេស សម្រាប់ Chelsea និង Arsenal អតីតកីឡាករសាធារណរដ្ឋឆែក លេងឱ្យក្លិបបារាំង Rennes កាលពីនៅក្មេង។

នៅក្នុងវ័យ១៩ឆ្នាំ Cech ចាប់ផ្ដើមកសាងភាពលេចធ្លោ ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់លោក Ferguson។ ប៉ុន្ដែ អ្នកចាត់ការក្លិបសញ្ជាតិស្កុតឡែន យល់ឃើញថា អ្នកចាំទីរូបនេះនៅក្មេងពេក ក្នុងការរ៉ាប់រងតួនាទីជា អ្នកចាំទីរបស់ Man United។ ក្រោយមកនៅឆ្នាំ ២០០៤ ក្លិបតោខៀវ បានសម្រេចផ្ទេរ Cech មកកាន់ទឹកដី Stamford Bridge។

ខ្សែការពារស្លាបស្ដាំ៖ Philipp Lahm

នៅក្នុងរដូវកាល ២០០៣-០៤ វីរបុរសរបស់ Bayern Munich រូបនេះ ត្រូវបានដាក់ឱ្យក្លិប Stuttgart ខ្ចីជើងដើម្បីទទួលបានបទពិសោធន៍ខ្លះៗ នៅក្នុងជម្រើសដំបូងនៃក្រុមឈុតធំ។

Man United បានប្រកួតតទល់ជាមួយក្រុមអាល្លឺម៉ង់មួយនេះ នៅ Champions League ក្នុងរដូវកាលនោះ ហើយ Lahm បង្ហាញសមត្ថភាពបានយ៉ាងល្អ ក្នុងការប្រកួតជ័យជម្នះ ២-១។

ក្រោយពីបានឃើញទេពកោសល្យកីឡាករដែល អាចលេងនៅក្នុងតំណែងជាខ្សែការពារស្លាបឆ្វេងផង ស្លាបស្ដាំផង និង បម្រើការពារផង Sir Alex មានបំណងចង់នាំយក បុរសសញ្ជាតិអាល្លឺម៉ង់ មកកាន់ទឹកដី Old Trafford នេះបើតាមការលើកឡើងរបស់ អតីតគ្រូបង្វឹកក្រុម Bayern Munich លោក Hermann Gerland។

ខ្សែការពារកណ្ដាល៖ Vincent Kompany

Kompany ជាជំហរដ៏រឹងមាំសម្រាប់ Manchester City ក្នុងនាមជា ខ្សែការពារ និង ប្រធានក្រុម ដោយបានជួយឱ្យពួកគេទទួលបានភាពជោគជ័យច្រើនបំផុតនៅក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប។

អ្វីៗអាចនឹងផ្លាស់ប្ដូរ ប្រសិនបើកីឡាករបែលហ្ស៊ិករូបនេះ ជ្រើសរើសក្នុងការផ្ទេរមកកាន់ Manchester United កាលដែលរូបលោកលេងឱ្យក្លិប Anderlecht ។ Kompany ស្ថិតនៅក្នុងបញ្ជីកីឡាករទិញចូលរបស់លោក Sir Alex Ferguson កាលពីឆ្នាំ ២០០៤ ដោយកាលនោះ លោកទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ។

ប៉ុន្ដែការផ្ទេរមិនអាចកើតមានឡើងនោះទេ ហើយ Kompany បានសម្រេចចូលរួមជាមួយ Man City នៅក្នុងឆ្នាំ ២០០៨ ពីក្លិប Hamburg SV។

ខ្សែការពារកណ្ដាល៖ Paulo Maldini

អតីតខ្សែការពារឆ្នើម Maldini របស់ AC Milan ធ្លាប់ជាកីឡាករគោលដៅដែល លោក Ferguson ចង់បានមកពង្រឹងនៅតំបន់ការពារ ប៉ុន្ដែការផ្ទេរមិនអាចធ្វើទៅបានឡើយ ដោយសារមានការរារាំងពី ឪពុករបស់អតីតកីឡាករអ៊ីតាលីរូបនេះ។

លោក Ferguson បានធ្វើដំណើរទៅជួបផ្ទាល់ជាមួយ Maldini នៅក្នុងវិធីមួយក្នុងប្រទេស អ៊ីតាលី ដើម្បីបញ្ចុះបញ្ចូលឱ្យខ្សែការពាររូបនេះផ្ទេរមកអង់គ្លេស ប៉ុន្ដែគួរឱ្យសោកស្ដាយ ឪពុករបស់ Maldini បានតបថា៖ “ជីតារបស់ខ្ញុំនៅ Milan ឪពុករបស់ខ្ញុំនៅ Milan ខ្ញុំនៅ Milan ហើយកូនប្រុសរបស់ខ្ញុំក៏នៅ Milan ដែរ។”

ខ្សែការពារស្លាបឆ្វេង៖ Bixente Lizarazu

នៅពេលដែល Lizarazu ក្ដោបក្ដាប់តំណែងជាខ្សែការពារស្លាបឆ្វេងល្អបំផុតមួយរូប លោកធ្លាប់ស្ថិតនៅក្នុងគោលដៅចង់បានរបស់ក្លិបបិសាចក្រហម ដើម្បីមកជំនួស Denis Irwin។

ប៉ុន្ដែ Bayern Munich ដែលជាក្លិបរបស់កីឡាកររូបនេះ បានប្រកាន់ជំហរថា មិនឱ្យកីឡាករសំខាន់របស់ពួកគេចាកចេញឡើយ។

ខ្សែបម្រើ៖ Paul Gascoigne

នៅរដូវកាលដំបូង សម្រាប់ការកាន់តំណែងជាអ្នកចាត់ការក្លិប Manchester United លោក Sir Alex ចង់បាន Paul Gascoigne មកជួយពង្រឹងតំបន់បម្រើ ប៉ុន្ដែ ក្ដីសង្ឃឹមត្រូវបានបំផ្លាញដោយ ក្លិបមាន់ខ្នាយមាស Tottenham ដែលបានបញ្ចុះបញ្ចូលក្រុមគ្រួសាររបស់កីឡាកររូបនេះ ជាមួយនឹងការទិញផ្ទះមួយ ជាថ្នូរនៃការផ្ទេរមកកាន់ទីក្រុងឡុងដ៍។

ខ្សែបម្រើ៖ Zinedine Zidane

ថ្វីដ្បិតតែ Cantona ធ្លាប់បានណែនាំ Zidane ដែលកំពុងលេងឱ្យក្លិប Bordeaux ប្រាប់លោក Ferguson ឱ្យនាំយកមកចូលរួមក្រុម ប៉ុន្ដែ គ្រូបង្វឹកក្រុមបិសាចក្រហម មានការរារែកចិត្ត ស្របពេលដែលលោកព្យាយាមបញ្ចុះបញ្ចូលកីឡាករឆ្នើមលេខ៧រូបនេះ ឱ្យបន្ដកុងត្រាថ្មីនៅទឹកដី Old Trafford។

គ្រូបង្វឹកសញ្ជាតិស្កុតឡែនយល់ឃើញថា កីឡាករទាំងពីរអ្នកលេងតំណែងដូចគ្នា ដូច្នេះលោកក៏សម្រេចចិត្តមិនទិញ Zidane ពីក្លិបបារាំង ដើម្បីសម្រួលការចរចាតកុងត្រាជាមួយ Cantona ដំណើរការដោយរលូន និង បង្ហាញភក្ដីភាពចំពោះកីឡាកររូបនេះផងដែរ។

ខ្សែបម្រើ៖ David Silva

លោក Sir Alex Ferguson ធ្លាប់កំណត់គោលដៅ អតីតប្រធានក្រុម Manchester City រូបនេះ កាលនៅលេងឱ្យ Valencia។ ប៉ុន្ដែ លោក Ferguson បានសារភាពថា លោកមិនសូវពេញចិត្ត ចំពោះការលេងក្នុងតំណែងលេខ១០ របស់កីឡាករអេស្ប៉ាញ ដែលអាចពិបាកសម្របនឹងប្រព័ន្ធលេងរបស់លោក។

ខ្សែប្រយុទ្ធស្លាបស្ដាំ៖ Arjen Robben

អំឡុងពេលប្រកបអាជីពនៅ PSV Eindhoven មុនក្លាយជាខ្សែបម្រើស្លាបឆ្នើមមួយរូបនៅ Chelsea, Real Madrid និង Bayern Munich, Roben កៀកនឹងផ្ទេរមកកាន់ ទីក្រុងមែនឆេស្ទើរទៅហើយ។

អតីតកីឡាករក្រុមជម្រើសជាតិហុល្លង់រូបនេះ បានអះអាងថា លោកធ្លាប់បានធ្វើដំណើរមកទទួលទានអាហារពេលល្ងាចដល់ទីក្រុងមែនឆេស្ទើរ ប៉ុន្ដែពេលត្រលប់ទៅហុល្លង់វិញ ក៏ស្ងាត់គ្មានដំណឹងពីការផ្ដល់សំណើផ្ទេរមក Man United ក្រោយមក ក្លិបអង់គ្លេសដែល Roben បានចូលរួមគឺជា Chelsea ទៅវិញ។

ខ្សែប្រយុទ្ធស្លាបឆ្វេង៖ Ronaldinho

មួយឆ្នាំ ក្រោយជួយក្រុមជម្រើសជាតិប្រេស៊ីលក្លាយជាជើងឯក World Cup 2002 Ronaldinho សឹងតែក្លាយជាកីឡាករ Manchester United ទៅហើយ។

ខ្សែប្រយុទ្ធឆ្នើមដែលកាលនោះកំពុងប្រកបអាជីពនៅក្លិបបារាំង Paris Saint-Germain ត្រូវបានកំណត់ជាកីឡាករគោលដៅរបស់ក្លិបបិសាចក្រហម ដើម្បីមកជំនួស David Beckham ដែលផ្ទេរទៅកាន់ Real Madrid។

ប៉ុន្ដែចុងក្រោយ Ronaldinho បែជាផ្ទេរទៅកាន់ Barcelona វិញ ហើយលោក Ferguson មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះនាយកបច្ចេកទេសលោក Peter Kenyon ក្រោយការផ្ទេរមិនបានសម្រេច។

វេបសាយផ្លូវការរបស់ Manchester United ក៏បានចុះផ្សាយផងដែរថាពេលនោះ Ronaldinho បានព្រមព្រៀងជាមួយលោក Ferguson រួចទៅហើយ ប៉ុន្ដែគម្រោងត្រូវបានផ្លាស់ប្ដូរ ដោយសារបងប្រុសដែលជាភ្នាក់ងារកីឡាកររូបនេះ បានសន្យាជាមួយ លោក Sandro Rosell ដែលកាលនោះជាបេក្ខភាពប្រធានក្លិប Barcelona ថាបើលោក Rosell ជាប់ឆ្នោតជាប្រធានក្លិបអ្នកមានបុណ្យ Ronaldinho នឹងទៅចូលរួមនៅទីនោះ។

ខ្សែប្រយុទ្ធកណ្ដាល៖ Alan Shearer

ក្លិបបិសាចក្រហម ចង់បាន Alan Shearer ទៅចូលរួម ហើយ លោក Alan Shearer ផ្ទាល់ ក៏ចង់ផ្លាស់មកកាន់ Manchester United ដែរ។ ប៉ុន្ដែការផ្ទេរមកកាន់ទឹកដី Old Trafford ត្រូវបានរារាំងដោយម្ចាស់ក្លិប Blackburn លោក Jack Walker ដែលមិនចូលចិត្ត Man UTD ហើយចុងក្រោយ Shearer ក៏បានចូលរួមជាមួយ Newcastle United៕