Skip to content
សហព័ន្ធបាល់ទះមើលឃើញកីឡាជាតិជាការផ្ដល់ឱកាសដល់មន្ត្រីអាជ្ញាកណ្ដាល ចៅក្រម
    ទំព័រដើម  »  កីឡាជាតិ

សហព័ន្ធបាល់ទះមើលឃើញកីឡាជាតិជាការផ្ដល់ឱកាសដល់មន្ត្រីអាជ្ញាកណ្ដាល ចៅក្រម

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ជាឱកាសបណ្ដុះបណ្ដាល និងអភិវឌ្ឍបច្ចេកទេស សមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម ជាពិសេស គណៈកម្មការរៀបចំ។ នេះជាក៏ជាតេស្ដការរៀបចំផងដែរដើម្បីស្វែងរកចំណុចខ្វះខាតយកមកបំពេញបន្ថែម។


លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា មន្ត្រីអាជ្ញាកណ្ដាលសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏នឹងកាន់តែមានភាពរឹងមាំថែមទៀត។ ក្នុងនោះអាជ្ញាកណ្ដាលក្មេងៗយ៉ាងច្រើនត្រូវបានផ្ដល់ឱកាសឲ្យដឹកនាំរៀបចំការងារប្រកួត ព្រោះថាមកទល់ពេលនេះជាយុគសម័យត្រូវបន្តវេន ដូច្នេះបទពិសោធពីកីឡាជាតិ និងពានធំៗ នឹងជួយអភិវឌ្ឍសមត្ថភាពថែមទៀត។


យ៉ាងណា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ថ្លែងថា អ្វីដែលប្រឈមនៅស៊ីហ្គេម គឺមន្ត្រីអាជ្ញាកណ្ដាលទាល់តែមានអាជ្ញាបណ្ណអន្តរជាតិ ដូច្នេះលំបាកបន្តិចសម្រាប់សហព័ន្ធ។ ដើម្បីបំពេញបន្ថែមកង្វះខាត សហព័ន្ធបានបញ្ជូនមន្ត្រីអាជ្ញាកណ្ដាលចូលរួមកម្មវិធី Refresh Course ទទួលយកនូវអ្វីដែលថ្មីពីសហព័ន្ធកីឡាបាល់ទះអាស៊ី ក៏ដូចជាពិភពលោកដែលរៀបចំនៅថៃ។ លោកជឿជាក់ថា នៅពេលត្រលប់មកវិញ មន្ត្រីអាជ្ញាកណ្ដាលបាល់ទាត់ខ្មែរនឹងទទួលបានបទបញ្ជាថ្មីៗចែករំលែកដល់មន្ត្រីអាជ្ញាកណ្ដាលផ្សេងៗទៀត។

លោក អាំង សិរីពិសិដ្ឋ បន្ថែមថា នៅថ្ងៃទី០៥ ខែធ្នូ សហព័ន្ធនឹងបញ្ជូនមន្ត្រីអាជ្ញាកណ្ដាល៣រូបទៅសិក្សាពី video challenge និងការរៀបចំ។ ដូច្នេះលោកជឿជាក់ថា បទពិសោធ និងការសិក្សាបន្ថែម នឹងធ្វើឲ្យមន្ត្រីអាជ្ញាកណ្ដាល មន្ត្រីរៀបចំ និងកីឡាករ កាន់តែរឹងមាំ។

គួរដឹងដែរថា វិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់ គឺជាវិញ្ញាសាចុងក្រោយគេនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាដែលទើបបញ្ចប់នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា នេះ ដោយចំណាត់ថ្នាក់លេខ១បានទៅលើក្រុម ខេត្តព្រះសីហនុ៕