Skip to content
បដិវត្តន៍បាល់ទាត់ហ្វ៊ីលីពីនចាប់ផ្ដើម
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

បដិវត្តន៍បាល់ទាត់ហ្វ៊ីលីពីនចាប់ផ្ដើម

លោក Mariano Araneta Jr ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីន (PFF) បានសង្កត់ធ្ងន់ថាលីគកំពូល Philippines Football League 2020 ដែលទើបចប់ថ្មីៗនេះគឺជាការចាប់ផ្ដើមនៃបដិវត្តន៍បាល់ទាត់ហ្វ៊ីលីពីន។

ក្រោយពន្យារពេលជាច្រើនលើកច្រើនសារដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ លីគកំពូលហ្វ៊ីលីពីនរដូវកាល២០២០ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ PFF National Training Centre ក្នុងខេត្ត Cavite ដោយមាន៦ក្រុមប្រកួតប្រជែងគ្នា ហើយទីបញ្ចប់ ក្រុម United City FC គឺជាជើងឯក។

ក្រុម United City FC នេះជាអតីតក្រុម Ceres-Negros FC។ ពួកគេរកបាន១២ពិន្ទុពីការប្រកួត៥លើកដើម្បីក្លាយជាជើងឯក។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីន លោក Araneta បាននិយាយថា៖ «ពួកយើងសូមចូលរួមអបអរសាទរ United City FC ដេលជាជើងឯកដ៏មានតម្លៃនៃ Philippines Football League ដែលឧបត្ថម្ភដោយ Qatar Airways។ រដូវកាលនេះទើបតែជាការចាប់ផ្ដើមនៃបដិវត្តន៍បាល់ទាត់ហ្វ៊ីលីពីនប៉ុណ្ណោះ។ នេះជាវេលាដ៏សំខាន់សម្រាប់គ្រប់គ្នាដែលពាក់ព័ន្ធក្នុងសហគមន៍បាល់ទាត់»។

«ពួកយើងពិតជាពេញចិត្តចំពោះកិច្ចខិតខំរួមគ្នានៃសហព័ន្ធកីឡាបាល់ទាត់ហ្វ៊ីលីពីន ក្លិបទាំងឡាយ និងសំខាន់បំផុតគឺការគាំទ្រពីក្រុមហ៊ុនឧបត្ថម្ភលីគដែលធ្វើឱ្យរដូវកាលនេះដំណើរការទៅបាន»។

សូមជម្រាបថា ក្នុងរដូវកាល២០២០ លីគកំពូលហ្វ៊ីលីពីនមាន៦ក្រុមប្រកួតប្រជែងគ្នា ដោយលេងតែ១ជើងប៉ុណ្ណោះ។ នៅទីបញ្ចប់ ក្រុម United City FC ជាជើងឯក មាន១២ពិន្ទុ បានកៅអីវគ្គចែកពូលពាន AFC Champions League 2021។

ក្រុម Kaya-Iloilo ជើងឯករង មាន១១ពិន្ទុ បានកៅអី play-off AFC Champions League 2021។

ក្រុម Azkals Development Team ដែលជាថ្នាលយុវជនរបស់សហព័ន្ធ បានលេខ៣មាន៩ពិន្ទុ។

ក្រុម Mendiola 1991 លេខ៤ ជាក្រុម Standby ដើម្បីលេងវគ្គចែកពូល AFC Cup ជំនួសក្រុមលេខ៣ ក្នុងករណីក្រុមលេខ២ចាញ់ play-off Champions League។

ក្រុម Maharlika Manila លេខ៥ និង Stallion Laguna លេខ៦៕