កីឡាករ កីឡាការិនីមានសមត្ថភាពល្អ ក្រសោបបានទាំងកិត្តិយស និងប្រាក់ចំណូល

Sovann Tith
18 មើល
1 នាទីអាន
- Advertisement -

នរណាថា ការចាប់អាជីពកីឡាជារឿងអត់ប្រយោជន៍? ពាក្យចាស់លោកពោលថា ចេះអ្វី ចេះឲ្យប្រាកដ ប្រាក់រត់តាមហៅ។ ជាក់ស្ដែងកីឡាករ កីឡាការិនីខ្មែរ ប៉ុន្មាននាក់នេះ អាចស្រូបទាញបានទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មជាហូរហែ ដោយសារតែសមត្ថភាពល្អរបស់ពួកគេ។

ក្នុងកីឡាករបាល់ទាត់ ប៊ិន ចន្ថាធារី, ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្ដម, លី វ៉ាហេទ សុទ្ធតែជាអ្នកសម្បូរទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម តាំងពីអាហារហូបចុក សម្លៀកបំពាក់, របរប្រើប្រាស់, អលនទ្រព្យជាដើម។ ក្នុងកីឡាប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលទទួលបានជោគជ័យជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ កំពុងក្រសោបបានទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម ដូចទឹកបាក់ទំនប់ ទាំងអចលនទ្រព្យ យានយន្ដ របស់ប្រើប្រាស់ ជាដើម។

ក្រៅពីនេះ គេក៏ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ពីសប្បុរសធម៌នានាយ៉ាងហូរហែ។ ក្នុងកីឡាតេក្វាន់ដូ ក្រោយទទួលបានមេដាយមាសជើងឯកអាស៊ី ក្នុងឆ្នាំ២០១៤ កេរ្ដិ៍ឈ្មោះរបស់វីរៈកីឡាការិនី ស៊ន សៀវម៉ី កាន់តែសុសសាយ។ បើនិយាយពីការផ្សព្វផ្សាយពាណិជ្ជកម្ម មិនតិចទេក្រុមហ៊ុនដែលម្ចាស់មេដាយមាសរូបនេះក្រសោបបាន។

ទន្ទឹមនឹងនេះដែរ កីឡាការិនីឆ្នើមដដែលក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក កាលដើមឆ្នាំ២០២១។ ក្រៅតែពីកីឡាករ កីឡាការិនីខាងលើ ក៏នៅមានអត្តពលិកជាច្រើនទៀតដែរដែលក្លាយជាអ្នកតំណាងផ្សព្វផ្សាយពាណិជ្ជកម្ម។

អ្វីដែល AMS Sports លើកឡើងនៅពេលនេះ ដើម្បីជាគំនិតមួយដល់កីឡាករ កីឡាការិនីឯទៀត ជាពិសេសយុវជន ចេះខិតខំប្រឹងប្រែង សម្រួចសមត្ថភាព ដើម្បីទទួលបានផ្លែផ្កាដូចរៀមច្បងឯទៀត។ មិនតែប៉ុណ្ណោះទេ នៅពេលដែលរកប្រាក់ចំណូលបាន គួរចេះសន្សំទុកដាក់ បង្កើតរបរបន្ថែម ព្រោះអាជីពជាអ្នកកីឡាមិនប្រាកដថា បានយូរទេ អាស្រ័យទៅលើស្ថានភាពកាយសម្បទា និងសមត្ថភាពរបស់ខ្លួន៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕