គិតត្រឹមថ្ងៃ១១ មីនា មានប្រទេស៥ហើយចុះឈ្មោះប្រកួតគុនល្បុក្កតោនៅស៊ីហ្គេម២០២៣

Sovann Tith
18 មើល
1 នាទីអាន
- Advertisement -

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជាគូសបញ្ជាក់ថា ប្រទេសចំនួន៥ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ រួមមានប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះ កម្ពុជា សរុបគឺ៦ប្រទេស។ «មុនឈានដល់ការប្រកួតធំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា គឺម្ចាស់ផ្ទះកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ចំនួន២ គឺទី១ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមអន្តរជាតិ គុនល្បុក្កតោ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់មកយើងបន្តទៅរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (The First Kun Borkator SEA Championship 2023) ដែលគ្រោងនឹងធ្វើពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អ៊ួ តារា។ ជាមួយគ្នានេះ លោកអគ្គលេខារងរូបនះក៏បានបន្ថែមទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរ ក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា បញ្ជីវិញ្ញាសាដែលបានកំណត់ជាផ្លូវការលើប្រភេទកីឡាគុនល្បុក្កតោ ក្នុងប្រភេទយុទ្ធគុនចម្រុះ គឺមានចំនួន១៦វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែងមានចំនួន៧ (ឯកត្តជន-ក្រុម) ខណៈវិញ្ញាសាប្រយុទ្ធមានចំនួន៩ រួមមានផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក ៥៥គ.ក ៦០គ.ក ៦៥គ.ក និង៧០គីឡូក្រាម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក ៥០គ.ម ៥៥គ.ក និង៦០គីឡូក្រាម។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕