សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំការជិះកង់អបអរព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងការដង្ហែព្រះអគ្គិជ័យកីឡាក្រោមប្រធានបទ Cycling For All។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយានកម្ពុជាបានឲ្យដឹងថា ការជិះនេះបានចាប់ផ្តើមជិះពីភ្នំពេញ តាមបណ្តាលខេត្តជុំវិញបឹងទន្លេសាប មកដល់ថ្ងៃនេះក្រុមយើងមកដល់ខេត្តសៀមរាប ។ រដ្ឋបាលខេត្តសៀមរាបដឹកនាំ និងសម្របសម្រួលដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងលោក ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្តទទួលព្រះអគ្គិជ័យកីឡា ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងបានធ្វើពិធីដង្ហែមកកាន់ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបានបន្ថែមទៀតថា ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ មានសិស្សានុសិស្សនិងបងប្អូន ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដោយឈរអមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធមក្នុងការទទួលព្រះអគ្គិជ័យកីឡានេះ។
នារសៀលម៉ោងនឹងមានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅឯកត្តម ទៀ សីហា អភិបាលខេត្ត ដែលរៀបចំនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប ព្រមទាំងដង្ហែទៅរក្សាទុកនៅវត្តរាជបូណ៌ លុះព្រឹកឡើងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ។
លោកអគ្គលេខាធិការបានប្រាប់ទៀតថា នឹងបន្តទៅភ្នំពេញដើម្បី អបអរសាទរពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ។
ជាមួយគ្នាផងដែរ សម្រាប់សហព័ន្ធយើងមានពាក្យស្លោកថា “ជិះកង់ដើម្បីទំាងអស់គ្នា” ក្រោមប្រធានបទ ប្រជាជនម្នាក់ កង់មួយគ្រឿងឆ្ពោះទៅកីឡា SEA Games ២០២៣៕