Skip to content
ចចាមអារ៉ាម នៃការដោះដូរប្រចាំថ្ងៃ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាម នៃការដោះដូរប្រចាំថ្ងៃ

Manchester United នៅតែចិញ្ចឹមចិត្តចង់បាន កីឡាករឆ្នើម Jadon Sancho របស់ក្រុម Borussia Dortmund ហើយព្យាយាមរិះរកវិធីដើម្បីចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ មុនពេលការប្រកួត Euro 2020 ឈានចូលមកដល់ នេះបើតាមការចុះផ្សាយនៅលើវេបសាយ 90min​។

Jadon Sancho

-​ក្លិបបិសាចក្រហមចំណាយពេលមួយឆ្នាំ ដើម្បីទាក់ទង Sancho កាលពីរដូវកាលមុន ប៉ុន្ដែពួកគេមិនអាចសម្រេចការផ្ទេរមកទឹកដី Old Trafford បាន ដោយសារ Dortmund បានច្រានចោលសំណើដែលមិនអាចធ្វើតាមតម្រូវការរបស់ក្លិបអាល្លឺម៉ង់មួយនេះ។ អ្នកចាត់ការ Man United លោក Ole Gunnar Solskjaer មិនសប្បាយចិត្តចំពោះលទ្ធផលសម្រាប់ការចាប់ផ្ដើមរដូវកាលនេះ ដោយឈរនៅលេខរៀងទី១៤ ក្នុងតារាង Premier League បន្ទាប់ពីលេងបាន៧ប្រកួត ហើយលោកយល់ឃើញថា ក្រុមរបស់លោកមានការខ្វះខាត ខ្សែប្រយុទ្ធស្លាបស្ដាំដែលមានសមត្ថភាពដូច Sancho។

-ក្លិបអង់គ្លេស Everton និង Tottenham Hotspur មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធ Arkadiusz Milik ពីក្លិប Napoli បើយោងតាមសារព័ត៌មានអង់គ្លេស The Sun។ ប្រភពខាងលើបានឱ្យដឹងថា អ្នកចាត់ការក្លិបស្ករគ្រាប់ លោក Carlo Ancelotti ចង់បានអតីតកូនក្រុមវ័យ២៦ឆ្នាំរូបនេះ មកទឹកដី Goodison Park ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធ។ ប៉ុន្ដែ Everton ត្រូវប្រឈមមុខជាមួយ Spurs ដែលហ៊ានចំណាយច្រើនជាងក្រុមរបស់ពួកគេក្នុង សំណើផ្ទេរ Milik ពីក្លិបអ៊ីតាលី។

Arkadiusz Milik

-សារព័ត៌មានអេស្ប៉ាញ AS បានរាយការណ៍ថា ក្លិប Paris Saint-Germain បានដាក់សំណើផ្ទេរ ខ្សែការពារ Sergio Ramos ដែលនឹងផុតកុងត្រាជាមួយក្លិប Real Madrid នៅរដូវក្ដៅឆ្នាំ ២០២០ ដោយសន្យាផ្ដល់ថ្លៃឈ្នួល ២០លានអឺរ៉ូក្នុងមួយឆ្នាំ។ អនាគតខ្សែការពារអេស្ប៉ាញ ជាមួយនឹង Real Madrid កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ហើយកីឡាករវ័យ៣៤ឆ្នាំ អាចធ្វើការចរចាទុកជាមុនលើការផ្ទេរមកកាន់ក្លិបថ្មី នៅថ្ងៃទី១ ខែមករាឆ្នាំ ២០២១ ដោយមិនមានតម្លៃផ្ទេរ នៅពេលដែលរូបគេ ផុតកុងត្រាជាមួយ Real Madrid នៅថ្ងៃទី ៣០ ខែមិថុនា។

Sergio Ramos

-ក្រៅពីព្យាយាមទាក់ទង ប្រធានក្រុម Real Madrid ក្លិប PSG កំពុងព្យាយាមបញ្ចុះបញ្ចូល ខ្សែប្រយុទ្ធបារាំង Kylian Mbappe និង ខ្សែប្រយុទ្ធប្រេស៊ីល Neymar ឱ្យយល់ព្រមបន្ដកុងត្រាថ្មី។ ខ្សែប្រយុទ្ធឆ្នើមទាំងពីររូបនេះ នឹងផុតកុងត្រាក្នុងឆ្នាំ​ ២០២២ ប៉ុន្ដែ PSG រិះរកមធ្យោបាយដើម្បីឱ្យពួកគេបន្ដកុងត្រាថ្មី ជាមួយក្លិប។ Mbappe ត្រូវបានផ្សារភ្ជាប់ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ខណៈ Neymar ធ្លាប់មានបំណងចង់ត្រលប់ទៅ Barcelona វិញ។ នេះបើតាម AS ដដែល។

Kylian Mbappe

-អ្នកចាំទី Dean Henderson របស់ក្រុម Manchester United អាចនឹងជ្រើសរើសក្នុងការផ្ទេរទៅកាន់ក្លិប Celtic ក្នុងលក្ខខណ្ឌខ្ចី បន្ទាប់ពីរូបគេពិបាកប្រជែងតំណែងជម្រើសដំបូងជាមួយ David de Gea។ Henderson ត្រូវបានចាត់ទុកថាជាអ្នកចាំទីឆ្នើមមួយរូបនៅ Premier League ក្នុងរដូវកាលមុន ពេលដែលរូបគេលេងឱ្យក្លិប Sheffield United ក្រោមលក្ខខណ្ឌខ្ចីមួយរដូវកាល ប៉ុន្ដែក្នុងរដូវកាលនេះ កីឡាករវ័យ២៣ឆ្នាំ បានចូលលេង៣ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមបិសាចក្រហម ដែលធ្វើឱ្យរូបគេប្រឈមនឹងការបាត់បង់ឱកាស ចូលលេងក្រុមជម្រើសជាតិអង់គ្លេស។ លោក Gareth Southgate បាននិយាយថា Henderson អាចក្លាយជាអ្នកចាំទីដៃទី១របស់ក្រុមអង់គ្លេស ប្រសិនបើរូបគេចូលលេងបានទៀងទាត់ ក្នុងការប្រកួតសម្រាប់ក្លិប ដូច្នេះការចាកចេញពី Old Trafford អាចជាជម្រើសល្អមួយសម្រាប់គេ។ នេះបើតាម 90min។

Dean Henderson

-ក្លិបអ្នកមានបុណ្យ Barcelona កំពុងពិចារណាក្នុងការនាំយក ខ្សែការពារ Shkodran Mustafi មកកាន់ទឹកដី Camp Nou។ នេះបើតាម Express។ កីឡាករវ័យ២៨ឆ្នាំរូបនេះ ជាគោលដៅទី២សម្រាប់ក្លិបអ្នកមានបុណ្យ ប្រសិនបើពួកគេបរាជ័យក្នុងការផ្ទេរ ខ្សែការពារ Antonio Rudiger របស់ក្លិប Chelsea។

-ហើយក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡូញ៉ា មានបំណងក្នុងការលក់កីឡាករ៤រូប សម្រាប់ទីផ្សារដោះដូរនៅខែមករាខាងមុខនេះ។ កីឡាករទាំង៤រូបនេះមានដូចជា ខ្សែការពារស្លាបឆ្វេង Junior Firpo ខ្សែបម្រើកណ្ដាល Samuel Umtiti ខ្សែបម្រើ Matueus Fernandes និង ខ្សែប្រយុទ្ធ Martin Braithwaite នេះបើតាមការរាយការពីវេបសាយ SPORT។

-ងាកមកមើលសារព័ត៌មានកីឡាធំរបស់អេស្ប៉ាញ MARCA បានចុះផ្សាយថា ក្លិប Paris Saint-Germain កំពុងព្យាយាមក្នុងការឱ្យខ្សែប្រយុទ្ធ Kylian Mbappe ព្រមបន្ដកុងត្រាថ្មី ប៉ុន្ដែក្លិបបារាំងមួយនេះ មិនមានបំណងចង់បាន ខ្សែការពារ Sergio Ramos របស់ក្លិប Real Madrid ឡើយ។

Sergio Ramos

ថ្វីដ្បិតតែ កីឡាករអេស្ប៉ាញរូបនេះ មិនមានតម្លៃខ្លួនសម្រាប់ការផ្ទេរនៅរដូវក្ដៅឆ្នាំក្រោយក៏ពិតមែន ប៉ុន្ដែក្លិបនឹងត្រូវរ៉ាប់រងការចំណាយ ប្រមាណ ២០លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ប្រាក់ពលកម្មកីឡាករវ័យ៣៤ឆ្នាំរូបនេះ។

ស្របពេលដែល ជំងឺកូវីដ១៩កំពុងរាតត្បាតធ្វើឱ្យក្លិបជាច្រើន បាត់បង់ចំណូល ហើយ PSG ក៏ស្ថិតនៅក្នុងចំណោមនោះផងដែរ ធ្វើឱ្យលទ្ធភាពក្នុងការនាំយកកីឡាករវ័យ៣៤ឆ្នាំ Ramos មកកាន់ទឹកដី Parc de Princes មានការពិបាកក្នុងការទប់ទល់នឹង ការចំណាយថ្លៃពលកម្ម។

ជាក់ស្ដែង PSG បានសម្រេចចែកផ្លូវគ្នាជាមួយ អតីតប្រធានក្រុម Thiago Silva ដោយសារបញ្ហាប្រាក់ឈ្នួលដ៏ថ្លៃរបស់កីឡាកររូបនេះ ហើយនាយកបច្ចេកទេសរបស់ក្លិបលោក Leonardo ចង់ឱ្យកីឡាករវ័យក្មេងបញ្ចេញសមត្ថភាព ជាងនាំយកកីឡាករវ័យចំណាស់ដូច Ramos ព្រមទាំងស៊ីថ្លៃឈ្នួលខ្ពស់៕