ក្រោយបញ្ចប់ការសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទះកម្រិត C អ្នកស្រី អុឹម ច័ន្ទសុភី សិក្ខាកាមមកពីខេត្តពោធិ៍សាត់ អះអាងថា នឹងយកចំណេះដឹងពីការចូលរួម ទៅប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលយុវជន ជាពិសេសក្រុមនារី។
ស្ត្រីជាអតីតកីឡាការិនីក្នុងខេត្តពោធិ៍សាត់មើលឃើញថា ចំនួនស្ត្រីលេងកីឡាបាល់ទះកាន់តែកើនឡើង ជាងមុន ដូច្នេះនេះជាឱកាសល្អក្នុងការចូលរួមកសាងធនធានបន្ថែម។
គួរដឹងដែរថា វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាបាល់ទះកម្រិត C ប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដោយសិក្ខាកាម៤១នាក់ ក្នុងនោះមានស្ត្រី៣រូប មកពី២២សមាគម/ក្លិប។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងបានបង្ហាត់បង្ហាញ បង្រៀននូវអ្វីដែលថ្មីៗ ដើម្បីចែលរំលែកទៅដល់សិក្ខាកាមទាំង ២៥រាជធានីខេត្ត ដែលមកពីបណ្ដាលក្លិបផ្សេងៗគ្នា៕