លោក ម៉ម វិត អ្នកចាត់ការក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានថ្លែងក្រោយឈ្នះក្រុមវិទ្យាល័យប្ញស្សីកែវក្នុងលទ្ធផល ៤-២ សប្តាហ៍ទី៣នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នាទីលានវីទ្យាល័យបឹងត្របែកថា ទោះទទួលបានជ័យជម្នះហូរហែរពិតមែន ប៉ុន្តែក្រុមលោកហាក់មិនហ៊ានមើលស្រាលក្រុមផ្សេងៗទៀតដែលមិនទាន់បានជួបគ្នាឡើយ។
ថ្នាក់ដឹកនាំជើងខ្លាំងមកពីស្រុកកៀនស្វាយរូបនេះ បន្តទៀតថាគោលដៅស្នូលគឺចង់ទទួលបានជោគជ័យរាល់ប្រកួត។ យ៉ាងណា លោកថា កូនក្រុមនៅបន្តត្រូវការភាពយល់ចិត្តគ្នាបន្ថែមទៀតដើម្បីធានាថាគ្រប់ការប្រកួតដែលពួកគេ លេងត្រូវតែសម្រេចបានជ័យជម្នះ។
“ក្រុមដែលជួបហើយលែងបារម្ភហើយ ក៏ប៉ុន្តែក្រុមដែលនៅក្រោយគឺបារម្ភទាំងអស់ អត់មានក្រុមណាដែលស្រួលយកពិន្ទុទេ” ។
ឆ្លងកាត់៣សប្តាហ៍រួចមកក្រុមវិទ្យាល័យជ័យវរ្ម័នទី៧នៅតែបន្តភាពខ្លាំងរបស់ខ្លួនក្នុងនាមជាក្រុមថ្មីដែលបានចូលរួមលេងក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៣។សប្តាហ៍ទី៤ ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ នឹងត្រូវប៉ះក្រុមវិទ្យាល័យព្រែកលៀប ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នាទីលានវិទ្យាល័យបឹងត្របែកបន្តទៀត៕