Skip to content
ណាហ្គាវើលដ៍ ផ្តល់រង្វាន់សរុប៨៨.០០០ដុល្លារដល់ជ័យលាភីមេដាយមាស ស៊ីហ្គេម​លើកទី​៣១
    ទំព័រដើម  »  កីឡាជាតិ

ណាហ្គាវើលដ៍ ផ្តល់រង្វាន់សរុប៨៨.០០០ដុល្លារដល់ជ័យលាភីមេដាយមាស ស៊ីហ្គេម​លើកទី​៣១

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស (Go For Gold) ” ក្រុមហ៊ុនណាហ្គាវើលដ៍ នៅ​ថ្ងៃសុក្រ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០២២ បានផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាស​ស៊ីហ្គេម​លើក​ទី​៣១​ រួម​ជាមួយ​ គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ក្នុង​ចំនួនទឹក​ប្រាក់​សរុបស្មើនឹង ៨៨.០០០ (ប្រាំបីម៉ឺនប្រាំបីពាន់) ដុល្លារ​អាមេរិក។

តួលេខប្រាក់រង្វាន់របស់​ណាហ្គាវើលដ៍​សម្រាប់​អត្តពលិក​មេដាយ​មាស​ស៊ីហ្គេម​លើក​នេះ​ច្រើន​ជាងលើក​មុន​ៗ ដ្បិត​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ផ្ទាល់​ខ្លួន​ដោយ​រក​បាន​មេដាយ​មាស​សរុប​៩​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ក្នុង​ប្រទេស​វៀតណាម​ ខណៈកាលពីស៊ីហ្គេមឆ្នាំ២០១៩​នៅ​ហ្វ៊ីលីពីន​ ណាហ្គាវើលដ៍បានឧបត្ថម្ភដល់អត្តពលិកមេដាយមាសសរុប ៣៦.០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាម៉េរិក)។

ណាហ្គាវើលដ៍ បានផ្តល់ទឹកប្រាក់រង្វាន់សរុប ៨៨.០០០$ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាម៉េរិក) ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១​ដែល​ជា​ឆ្នាំ​​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ត្រៀម​ស៊ីហ្គេម​២០២៣​នោះ កម្ពុជា​ ដណ្ដើម​បាន​មេដាយ​សរុប​៦៣​គ្រឿង ដែល​ជា​ការ​រក​បានមេដាយច្រើនបំផុតបំបែកឯតទគ្គកម្ម​ផ្ទាល់ខ្លួន។ ក្នុង​នោះ​មានមេដាយមាស ៩ គ្រឿង, ប្រាក់ ១៣ គ្រឿង, និងសំរឹទ្ធិ ៤១ គ្រឿង។ កាលពីស៊ីហ្គេមលើកទី៣០ ក្នុងឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធិ ៣៦ គ្រឿង។

មេដាយមាស​ទាំង ៩ គ្រឿង​ដែល​កម្ពុជា​រក​បាន​ពី​ស៊ីហ្គេម​លើក​ទី​៣១ គឺក្នុងវិញ្ញាសាឃីកបុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម, ប៉េតង់វាយគូចម្រុះបុរសនារី២នាក់ទល់២នាក់, ប៉េតង់៣នាក់ទល់៣នាក់នារី, តេក្វាន់ដូប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម, វ៉ូវីណាមសម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ, វ៉ូវីណាមបុរសប្រភេទទម្ងន់៦៥គីឡូក្រាម, វ៉ូវីណាមសម្តែងជាក្រុមការពារខ្លួនកាំបិតធំបុរស២នាក់, ចំបាប់បុរសប្រភេទទម្ងន់១២៥គីឡូក្រាម និងប្រដាល់គុនខ្មែរទម្ងន់៦៣,៥គីឡូក្រាម។  

ពិធីប្រគល់រង្វាន់ម្សិលមិញនេះ មានការចូលរួមពីគណៈអធិបតីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen រគល់មូលប្បទានបត្រជូនអត្តពលិក

ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “យើងខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនៅឆ្នាំក្រោយ។ មេដាយមាសកាលពីពេលថ្មីៗរបស់អត្តពលិករបស់យើង បានផ្តល់ជំនឿចិត្តថា ក្រុមកីឡារបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងស្ថិតនៅក្នុងគន្លងមួយដ៏ត្រឹមត្រូវឆ្ពោះទៅរកជ័យជម្នះដ៏ត្រចះត្រចង់។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ដែលបាន និងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្ររហូតដល់យើងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ជាច្រើននៅក្នុងការប្រកួតលើឆាកអន្តរជាតិ”។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ“ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមក្នុងឆ្នាំ២០១១។ ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍នឹងផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសឯកត្តជនចំនួន ៦.០០០$ (ប្រាំមួយពាន់ដុល្លារអាម៉េរិក), អត្តពលិកមេដាយមាសក្រុម ១០.០០០$ (មួយម៉ឺនដុល្លារអាម៉េរិក) រីឯគ្រូបង្វឹកទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) សម្រាប់មេដាយមាសដែលអត្តពលិកបានឈ្នះ។

សូមអបអរសាទរដល់អត្តពលិកកម្ពុជាដែលបានឈ្នះមេដាយមាស ៩ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១

ណាហ្គាវើលដ៍នឹងបន្តគាំទ្រដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជាដោយមានកម្មវិធីសហគមន៍ជាច្រើនផ្តួចផ្តើមឡើងដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ក៏បានឧបត្ថម្ភដោយផ្ទាល់ដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជាច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើនគុណភាពនៃការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិឲ្យកាន់តែខ្លាំងមួយកម្រិតទៀតដល់អត្តពលិករបស់ព្រះរាជាណាចក្រកម្ពុជា។

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៥៤.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕