លោកគ្រូ ពេជ្រ សុផាន់ មានក្តីជឿជាក់យ៉ាងមុតមាំថា ពេជ្រ សម្បត្តិ អាចនឹងមានលទ្ធភាពប្រលូកក្នុងសង្វៀនធំៗ ក្នុងតំបន់ និងពិភពលោក បើរូបគេនៅតែបន្តសកម្មភាពលេចធ្លោរបែបនេះ។
ទន្ទឹងនឹងនេះគ្រូបង្វឹកសំបូរយុទ្ធសាស្រ្តដ៏ដែល ប្តេជ្ញាពង្រឹងសមត្ថភាពកូនសិស្សលោកឱ្យកាន់តែខ្លាំង ដើម្បីនាំយកគុនខ្មែរទៅលើឆាកអន្តរជាតិ ខណៈតម្លៃខ្លួនរបស់ ពេជ្រ សម្បត្តិ បច្ចុប្បន្នកំពុងកើនឡើងខ្លាំង ដែលធ្វើឱ្យគេកាន់តែមានកម្លាំងចិត្តក្នុងការបង្កើនសមត្ថភាពបន្ថែមទៀត។
“សម្រាប់តម្លៃខ្លួនឡើងនេះធ្វើឱ្យ សម្បត្តិ កាន់តែមានការខិតខំប្រឹងប្រែង វាជាផលល្អមួយសម្រាប់ជាគំរូដល់ក្មេងៗជំនាន់ក្រោយយកជាគំរូ”។ “បើសិនជាគាត់បន្តបែបនេះ ថ្ងៃអនាគតគាត់នឹងអាចក្លាយជាកីឡាករលំដាប់ប្រទេសមួយ ដែលអាចដើរប្រកួតតំណាងឱ្យខ្មែរហើយ មិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ”។
ក្នុងពេលបច្ចុប្បន្នយុវជនមានដើមកំណើតពីខេត្ត កំពង់ស្ពឺ ពេជ្រ សម្បត្តិ កំពុងកាន់កាប់ខ្សែក្រវាត់ ៣ គ្រឿង និងពានរង្វាន់មួយ ជាកីឡាករជួរមុខប្រចាំសាលាប្រដាល់ ពេជ្រ សុផាន់គុនខ្មែរ។ មិនត្រឹមតែប្រជាប្រិយភាពទេ តម្លៃខ្លួនរបស់ក្របីព្រៃក៏កំពុងតែឈានមុខ ក្នុងចំណោមកីឡាករលំដាប់ៗស្រុកខ្មែរ ដោយសង្វៀនមួយហ៊ានឱ្យប្រមាណ ៦លានរៀល ក្នុងមួយប្រកួត៕