Skip to content
ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា ៖ សិស្សថ្នាក់ទី១០ទី១១រៀនបានលេខ១ដល់លេខ៥ នៅតាមតំបន់អភិវឌ្ឍន៍ថ្នាលរបស់សហព័ន្ធនឹងបានឱកាសជិះម៉ូតូទឹកឥតគិតថ្លៃ
    ទំព័រដើម  »  កីឡាជាតិ

ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា ៖ សិស្សថ្នាក់ទី១០ទី១១រៀនបានលេខ១ដល់លេខ៥ នៅតាមតំបន់អភិវឌ្ឍន៍ថ្នាលរបស់សហព័ន្ធនឹងបានឱកាសជិះម៉ូតូទឹកឥតគិតថ្លៃ

សិស្សានុសិស្សថ្នាក់ទី១០ និងទី១១ តាមសាលារៀននៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តក្រចេះ និងខេត្តរតនៈគិរី នឹងអាចទទួលបានឱកាសជិះម៉ូតូទឹកដោយឥតគិតថ្លៃ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


ប្រមុខសហព័ន្ធបញ្ជាក់ថា នេះជាការបំផុសការស្រលាញ់កីឡាម៉ូតូទឹកដល់យុវជនដែលជាផ្នែកនៃការអភិវឌ្ឍថ្នាលកីឡាប្រណាំងលើទឹកមួយនេះ ហើយក៏ជាការជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រផងដែរ។


ឯកឧត្ដម ណុះ ស្លេះ បន្តថា បើតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ខេត្តព្រះសីហនុ, ខេត្តក្រចេះ, រតនៈគិរី និងរាជធានីភ្នំពេញ គឺជាទីតាំងដែលសហព័ន្ធម៉ូតូទឹកកម្ពុជាជ្រើសរើសសម្រាប់ការអភិវឌ្ឍដំបូងគេ។


ជុំវិញផែនការអភិវឌ្ឍន៍ថ្នាលនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដដែលបន្ថែមថា កីឡាករមានសមត្ថភាពខ្ពស់ៗរបស់សហព័ន្ធនឹងត្រូវបានជ្រើសរើសជាគ្រូបង្វឹកដើម្បីជួយបណ្ដុះបណ្ដាលថ្នាលយុវជនដើម្បីក្លាយជាធនធានថែមទៀត។

ទាក់ទងទៅនឹងការរៀបចំការប្រកួត និងព្រឹត្តិការណ៍ផ្សេងវិញ ឯកឧត្ដម ណុះ ស្លេះ មានប្រសាសន៍ថា សហព័ន្ធនឹងព្យាយាមសហការជាមួយបណ្ដាអ្នកឧបត្ថម្ភនានាដើម្បីឱ្យលេចចេញជារូបរាង ឈានទៅផ្ដល់ឱកាសដល់យុវជន និងកីឡាករបានប្រកួតប្រជែងបង្កើនសមត្ថភាព៕