ដំណើរចាកផុតពីភាពក្រីក្ររបស់យុវជន មាស មករា ដោយសារអង្គការ CCF និង HFCA

0 នាទីអាន

កើតចេញពីគ្រួសារក្រីក្រមួយ ដែលមានឪពុកម្តាយជាអ្នករើសអេតចាយ និងជាកម្មករសំណង់ ប្រឈមមុខនឹងភាពខ្វះខាតជាប្រចាំ មករា មិនដែលបោះបង់ក្តីសង្ឃឹមឡើយ។ របត់ជីវិតថ្មីបានចាប់ផ្តើមឡើង នៅពេលដែលរូបគេទទួលបានឱកាសមាសក្នុងការសិក្សា រៀនសូត្រ និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពី អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលបង្កើតឡើងដោយលោក Scott Neeson។ ការអប់រំនៅទីនោះ មិនត្រឹមតែផ្តល់ចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរការគិត និងផ្តល់កម្លាំងចិត្តយ៉ាងមុតមាំដល់រូបគេទៀតផង។

ក្រៅពីការសិក្សា មករា ក៏បានដុសខាត់ស្មារតី និងសុខភាពតាមរយៈការចូលរួមលេងកីឡាក្នុងក្រុមកីឡាបាល់ទាត់នៃ អង្គការ HFCA (Happy Football Cambodia Australia) ដែលកីឡានេះបានបណ្តុះស្មារតីក្រុម ភាពអត់ធ្មត់ និងវិន័យយ៉ាងតឹងរ៉ឹងដល់រូបគេ។

ឆ្លងកាត់ការខិតខំប្រឹងប្រែងឥតឈប់ឈរ នាពេលបច្ចុប្បន្ន យុវជន មាស មករា បានប្រែក្លាយខ្លួនជាយុវជនជោគជ័យម្នាក់ ដែលមានសមត្ថភាព ការងារល្អប្រសើរ និងប្រាក់ចំណូលសមរម្យ។ អ្វីដែលរំភើបបំផុតនោះ គឺគេបានក្លាយជាបង្គោលទ្រទ្រង់គ្រួសារ ដោយបានស្រោចស្រង់ឪពុកម្តាយ និងក្រុមគ្រួសារឲ្យផុតពីភក់ជ្រាំនៃភាពក្រីក្រ ប្រកបដោយកិត្តិយស និងស្នាមញញឹម។