យុវជន ម៉ុក ធីឡុត ខ្សែប្រយុទ្ធមុតស្រួចរបស់វិទ្យាល័យជ័យវរ្ម័នទី៧ ក្រោយក្រុមបានយកឈ្នះលើវិទ្យាល័យ កោះដាច់ ក្នុងលទ្ធផល ៥ទល់នឹង ០ នៃសប្តាហ៍ទី៨ ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យ បានរៀបរាប់ពីប្រវត្តិនៃការលេងបាល់ទាត់របស់ខ្លួនថារូបគេធ្លាប់រងរបួសរាងកាយដោយសារការលេងបាល់ទាត់ ប៉ុន្តែបញ្ហារបួសនោះមិនត្រូវបានក្រុមគ្រួសារស្តីបន្តោសឡើយ។
ខ្សែប្រយុទ្ធលេខ ១៥ របស់វិទ្យាល័យជ័យវរ្ម័នទី៧ ខាងលើក៏បានថាខ្លួនអាចប្រើប្រាស់ជើងបានទាំងសងខាង ខណៈរូបគេចេះទាត់ជើងឆ្វេងតាមរយៈការមើលនិមិត្តរូបរបស់ខ្លួនគឺកីឡាករ ចាន់ វឌ្ឍនាកា ហើយព្យាយាមហ្វឹកហាត់តាមរហូតដល់អាចប្រើប្រាស់បានដូចសព្វថ្ងៃ។
“ខ្ញុំធ្លាប់បាក់ដៃព្រោះការលេងបាល់ទាត់ តែម៉ាក់ប៉ាមិនហាមឱ្យឈប់លេងបាល់នោះទេ គ្រាន់ពួកគាត់រំលឹកខ្ញុំឱ្យលេងប្រយ័ត្នផង” ។
គួរបញ្ជាក់ផងដែរថា កីឡាករ ម៉ុក ធីឡុត ក៏ជាបេក្ខភាពកីឡាករស៊ុតបញ្ជូលទីច្រើនគេក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ពោលរូបគេបានរកគ្រាប់បាល់បាន ៨គ្រាប់ហើយគិតត្រឹមសប្តាហ៍ទី ៨ នេះ៕