Skip to content
លោក សែម ផល្លា សង្ឃឹមថាទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ចុងឆ្នាំនេះនឹងឡើងដល់១មុឺននាក់
    ទំព័រដើម  »  កីឡាជាតិ

លោក សែម ផល្លា សង្ឃឹមថាទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ចុងឆ្នាំនេះនឹងឡើងដល់១មុឺននាក់

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់អង្គរខេត្តសៀមរាប។ ក្នុងសន្និសីទសារព័ត៍មាន មានការចូលរួមពីឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង លោក សែម ផល្លា អ្នកគ្រប់គ្រងទូទៅព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ។

លោក សែម ផល្លា នាយកប្រតិបត្តិក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងថា៖ បន្ទាប់ពីដំណាក់កាលជម្ងឺកូវីត១៩មក ការរត់ប្រណាំងម៉ារ៉ាតុនយើងចាប់ផ្តើមស្តាឡើងវិញហើយ ដោយមកដល់ពេលនេះចំនួនអ្នកចូលរួមបានជាង៧០០០ពាន់នាក់។ លោក សែម ផល្លា ក៏សង្ឃឹមថាព្រឹត្តិការណ៍ចុងឆ្នាំនេះនឹងឡើងដល់១០,០០០នាក់។ លោកបន្តថា តាមខ្ញុំយល់ភ្ញៀវទេសចរណ៍ជាជនបរទេសអាចហ្នឹងកើនជាង៤០០០នាក់ទៀតឱ្យមកចូលរួម ខណៈឆ្នាំកន្លងទៅជនបរទេសមានចំនួន១០០០នាក់ជាងប៉ុណ្ណោះ។

ជាមួយនឹងសន្និសីទសារព័ត៌មាននេះ គណៈកម្មការបានប្រគល់ជូនថវិកា ដែលប្រមូលបានពីការរៀបចំ កាលពីឆ្នាំ២០២២កន្លងទៅ សរុបចំនួន ៣ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌ ដូចជាកាកបាតក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥០០០ដុល្លារ, Cambodia Trust ២៥០០ដុល្លារ, Handicap International ២០០០ដុល្លារ និងអង្គការបេះដូងមាស ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន ៦ផ្សេងទៀត៕

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមបានចំនួនជាង ៧១០០នាក់ហើយ ក្នុងនោះមានអ្នករត់អន្តរជាតិ ២០០០នាក់៕