Skip to content
ទូកយុវជនតាម៉ៅសែនជ័យនៅក្រុងតាខ្មៅបុកហាត់រាល់ថ្ងៃមិនសម្រាកត្រៀមប្រកួតថ្នាក់ខេត្តនិងបុណ្យអុំទូកឆ្នាំនេះ
    ទំព័រដើម  »  កីឡាជាតិ

ទូកយុវជនតាម៉ៅសែនជ័យនៅក្រុងតាខ្មៅបុកហាត់រាល់ថ្ងៃមិនសម្រាកត្រៀមប្រកួតថ្នាក់ខេត្តនិងបុណ្យអុំទូកឆ្នាំនេះ

កីឡាករទូកយុវជនតាម៉ៅសែនជ័យដែលមានមូលដ្ឋាននៅវត្តក្របៅ ភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានចាប់ផ្ដើមហ្វឹកហាត់ជាង២០ថ្ងៃមកហើយដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែតុលា និងព្រះរាជពិធីបុណ្យអុំទូក ចុងខែវិច្ឆិកា ខាងមុខ។

យុវជន ឡោះ វ៉ាន់លី ប្រធានក្រុមទូកយុវជនតាម៉ៅសែនជ័យ ថ្លែងថា ការហ្វឹកហាត់ធ្វើឡើងរៀងរាល់ថ្ងៃតែម្ដង។ សមាជិកភាគច្រើនជាយុវជន តែសុទ្ធតែអ្នកធ្លាប់មានបទពិសោធពីការប្រកួតកាលឆ្នាំ២០១៩។

រយៈពេល៤ឆ្នាំចុងក្រោយនេះ វ៉ាន់លី ក៏បានមើលឃើញពីកំណើនឡើងសមត្ថភាពផងដែរ។ ចាស់ជាងគេប្រចាំទូកយុវជនតាម៉ៅសែនជ័យ ថ្លែងថា មានក្ដីរំពឹង៩០ភាគរយ ក្នុងការប្រកួតចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣នេះ។ បុរសវ័យ៦៣ឆ្នាំដែលជាកីឡាករចាស់ជាងគេក្នុងក្រុមទទូចថា ក្រុមផ្សេងក៏បានប្រឹងប្រែងដូចគ្នា ដូច្នេះលោកមិនហ៊ានរំពឹងដាច់ណាត់១០០ភាគរយ។

ជាមួយគ្នានេះ លោក សាន់ ឡោះ ជាសមាជិកមានវ័យចំណាស់ជាងគេក្នុងក្រុមប្រាប់ថា ទូកយុវជនតាម៉ៅសែនជ័យ នេះត្រូវបង្កើតឡើងតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ម្ល៉េះ និងបានចូលរួមការប្រកួតថ្នាក់ជាតិច្រើនលើកច្រើនសា ហើយបានចំណាត់ថ្នាក់ល្អជាហូរហែ។ បច្ចុប្បន្នទូកនេះមានលោក ឡាយ ហោ ដែលជាអ្នករស់នៅភូមិកំពង់សំណាញ់ ក្រុងតាខ្មៅជួយរ៉ាប់រងជ្រោមជ្រែងដោយផ្ទាល់។ បុរសវ័យ៦៣ឆ្នាំក៏បានបង្ហើបពីចំណុចល្អប្រសើរ និងចំណុចដែលត្រូវពង្រឹងបន្ថែមផងដែរ។

លោក សាន់ ឡោះ អះអាងថា គម្រោងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅដងទន្លេសាប សាជាថ្មីក្នុងឆ្នាំ២០២៣នេះ ទទួលបានការសាទរយ៉ាងខ្លាំងក្រុមរបស់លោក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះទន្ទឹងរង់ចាំច្រើនឆ្នាំមកហើយ ក្រោយអាក់ខានក្នុងឆ្នាំ២០២០, ២០២១ និង២០២២។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា៕ ______________ តាមដានព័ត៌មានថ្មីៗពី AMS Sports លើ Telegram៖ https://t.me/SPORTAMS #AMS_SPORTS #AMS #ដើម្បីកីឡា