ខ្សែការពារថៃជាប់សែស្រឡាយខ្មែរបុរីរម្យ Sarayut ប្រាប់ការលំបាកពេលមកដល់ទ័ពដំបូងៗ

Sovann Tith
7 មើល
1 នាទីអាន
- Advertisement -

ខ្ទង់មួយខែដំបូងនៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខ្សែការពារថៃ Sarayut Sompim ប្រាប់ថា មានការលំបាកមួយចំនួន ជាពិសេសនឹកផ្ទះគ្រួសារ មិត្តភក្ដិ និងម្ហូបអាហារ ព្រោះជាលើកដំបូងហើយដែលប្រកបអាជីពក្រៅពីប្រទេសថៃ។ យ៉ាងណា បច្ចុប្បន្ននេះគេអាចសម្របខ្លួនបានល្អលើការរស់នៅ ហើយរៀនសូត្របានអ្វីថ្មីៗថែមទៀត។

កីឡាករវ័យ២៦ឆ្នាំទទូចថា មិនដែលនឹកស្មានមកប្រកបអាជីពនៅកម្ពុជាបែបនេះ ដោយចាត់ទុកថា ជាវាសនា។

ទាក់ទងទៅនឹងរបៀបលេងបាល់ទាត់វិញ Sarayut ថ្លែងថា នៅថៃ គេប្រើតិចនិចច្រើន ខុសពីកម្ពុជាដែលលេងរត់ច្រើន។

Sarayut Sompim បានចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ជាផ្លូវការនៅដើមរដូវកាល២០២៣/២០២៤ ក្រោយបង្ហាញសមត្ថភាពល្អក្នុងការប្រកួតមិត្តភាព Pre-Season របស់ទ័ពនៅថៃ។ កីឡាករមានឪពុកម្ដាយជាប់សែស្រឡាយខ្មែរមានកំណើតនៅខេត្តបុរីរម្យរូបនេះផ្ដើមអាជីពបាល់ទាត់នៅ Bangkok United ឆ្នាំ២០១៦ មុនផ្លាស់ទៅ Buriram United ឆ្នាំ២០១៧។

ចន្លោះឆ្នាំ២០១៨ដល់២០២១ គេបានផ្ទេរទៅ Air Force, PTT Rayong និង Suphanburi លើកិច្ចសន្យាខ្ចី។ រដូវកាល២០២១/២០២២ គេចូលរួមជាមួយ Samut Prakan City ហើយដើមឆ្នាំ២០១៣ គេលេងនៅ Nakhonsi United។ និយាយពីជម្រើសជាតិវិញ យុវជនមានឈ្មោះក្រៅហៅថា ទ្រុល លេងនៅ U19 ថៃ ឆ្នាំ២០១៥ដល់២០១៦, U21 ឆ្នាំ២០១៧/២០១៨ U23 ឆ្នាំ២០១៩ និង២០២០។ គេរកបានមួយគ្រាប់ឱ្យ U23 ថៃតទល់ប្រ៊ុយណេ នៅស៊ីហ្គេម២០១៩។ គេជាកូនច្បងក្នុងគ្រួសារដែលមានកូនប្រុស២នាក់។ ឪពុកម្ដាយរបស់គេជាកសិករ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕