អ្នកស្រី លី ហាសាណះ ម្ដាយបង្កើតវីរៈកីឡាករ សាលី អ៊ូមើត ថ្លែងថា ផ្លែផ្កាពីអាជីពជាកីឡាករម៉ូតូទឹករបស់កូនប្រុសខ្លួនបានកែប្រែជីវភាពគ្រួសារដែលធ្លាប់ធ្លាក់ដល់ចំណុច ទៅកាន់ចំណុចល្អប្រសើរដូចសព្វថ្ងៃ។
ស្ត្រីមានប្រភពពីស្រុកស្នួល ខេត្តក្រចេះរំឭកថា ស្វាមីអ្នកស្រីបានចាកចេញទៅធ្វើការនៅប្រទេសថៃតាំងពីកូនៗរួមទាំងសាលី អ៊ូមើត ផងនោះ នៅតូចៗម្ល៉េះ។
ពេលនោះហើយដែលអ្នកស្រីត្រូវជម្នះរ៉ាប់រងមើលថែកូនៗ និងរកប្រាក់ទំនុកបម្រុងពួកគេតែឯង ព្រោះស្វាមីរកប្រាក់មិនបាន ទោះចេញទៅថៃក៏ដោយ។ ក្រោយមក ស្ត្រីវ័យ៥៤ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីកូនៗដើម្បីទៅធ្វើការនៅប្រទេសថៃដែលកាលណោះអ៊ូមើតមានវ័យទើបតែ៦ឆ្នាំប៉ុណ្ណោះ។
ដល់ពេលអ៊ូមើតមានវ័យ១៤ឆ្នាំ អ្នកស្រីបាននាំយករូបគេទៅថៃជាមួយដែរ ដោយរស់នៅប៉ាតាយ៉ា។ ទៅដល់ណោះ អ៊ូមើតមិនបាននៅធ្វើការជាមួយម្ដាយទេ ដោយសុំទៅធ្វើការនៅកន្លែងម៉ូតូទឹក រហូតបានហ្វឹកហាត់ និងទទួលបានជោគជ័យជាបន្តបន្ទាប់ រហូតជួយជីវភាពគ្រួសារបានប្រសើរ។ សាលី អ៊ូមើត ទើបតែដណ្ដើមបានមេដាយមាសមួយគ្រឿងទៀតពីសហរដ្ឋអាមេរិក ក្នុងការប្រកួតកម្រិត World Cup នៅដើមខែតុលា នេះ៕