ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគកំពុងស្វះស្វែងរកការគាំទ្រនិងការចូលរួមពីសំណាក់ក្លិបនិងសមាគមបាល់ទាត់ជាសមាជិកដើម្បី នឹងបង្កើតការប្រកួតលីគយុវជនថ្មីមួយត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃជាម្ចាស់ផ្ទះនិងការប្រកួតកម្រិតយុវជនអន្តរជាតិនៅឆ្នាំខាងមុខៗទៀត។ ការប្រកួតប្រជែងថ្មីនេះត្រូវបានគេដាក់ឈ្មោះថា ខេមបូឌាន លីគអភិវឌ្ឍ ឬ Cambodian Development Leagueសំដៅទៅលើការប្រកួតប្រជែងរបស់ក្រុមយុវជនដែលស្របទៅនឹងលក្ខខណ្ឌកំណត់របស់ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ តម្រូវឱ្យប្រើប្រាស់កីឡាករអាយុក្រោម ២២ឆ្នាំសម្រាប់ក្រុមកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣៣ ឆ្នាំ ២០២៥។
លក្ខខណ្ឌសំខាន់ៗសម្រាប់ចូលរួមប្រកួត ខេមបូឌាន លីគអភិវឌ្ឍ កំណត់ដោយ CPL គឺ
-ក្លិប ឬសមាគមបាលទាត់ អាចចុះបញ្ជីសមាសភាពកីឡាកររបស់ខ្លួនបានចន្លោះពី ១៨ ទៅ ៣៥នាក់
-ក្លិបអាចចុះបញ្ជីកីឡាករចាប់ពីអាយុ១៦ឆ្នាំឡើង
-ក្លិបត្រូវចុះបញ្ជីកីឡាករអាយុក្រោម២២ឆ្នាំដែលកើតចាប់ពីថ្ងៃ១ខែមករាឆ្នាំ២០០៤ចំនួន១០នាក់ក្នុងនោះ០១នាក់ត្រូវតែជាអ្នកចាំទី
-ក្លិបឬសមាគមអាចចុះបញ្ជីកីឡាករបរទេសមានសញ្ជាតិខ្មែរ ស្របតាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ចំនួន០១នាក់និងអាចលេងលើទីលានបាន។
-ក្លិបអាចចុះបញ្ជីកីឡាករបរទេសបាន០៧នាក់ ដោយត្រូវមានយ៉ាងតិច០១នាក់អាយុក្រោម២២ឆ្នាំ
-ក្លិបត្រូវដាក់កីឡាករអាយុក្រោម២២ឆ្នាំចំនួន៥នាក់នៅលើទីលានរយៈពេល៩០នាទី ហើយកីឡាករអាយុក្រោម២២ឆ្នាំដែលលេងលើទីលានត្រូវប្ដូរជាមួយកីឡាករអាយុក្រោម២២ឆ្នាំដូចគ្នា។
-ក្លិបអាចដាក់កីឡាករបរទេសលេងលើទីលានបានមិនលើស២នាក់ ក្នុងនោះ១នាក់ត្រូវតែអាយុក្រោម២២ឆ្នាំ។
-ក្លិបអាចចុះបញ្ជីកីឡាករខ្មែរនិងបរទេស ចូលរួមប្រកួត Cambodian Premier League 2025-26 និង Cambodian Development League 2025-26 ទាំង២លីគបាន និងអាចលេងក្នុងថ្ងៃបន្ទាប់ក្នុងសប្ដាហ៍តែ១បាន ប្រសិនបើរយពេលលេងរបស់កីឡាករទាំងនោះមិនលើស៣០នាទី។
គួរសង្កត់ធ្ងន់ថានេះគឺជាដំណាក់កាលបឋមដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគជម្រាបទៅកាន់ក្លិប និងសមាគមបាល់ទាត់ដែលជាសមាជិកតែប៉ុណ្ណោះ បើសិនជាមានការយល់ស្រប និងឯកភាពគ្នា CPL នឹងរៀបចំពានរង្វាន់នេះឡើងអំឡុងខែសីហា ឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសនិងជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែច្រើនដល់កីឡាករយុវជន ក្នុងការបង្ហាញសមត្ថភាពនៅលើទីលាន ក៏ដូចជាបច្ចេកទេសប្រកួតផងដែរ៕