Skip to content
សាយ ចាន់តុលា អ្នកចាំទី វិ.ជាស៊ីមសាមគ្គី តែងតែស្វ័យហ្វឹកហាត់បន្ថែមនៅផ្ទះ ដើម្បីពង្រឹងការប្រើជើង
    ទំព័រដើម  »  កីឡាជាតិ

សាយ ចាន់តុលា អ្នកចាំទី វិ.ជាស៊ីមសាមគ្គី តែងតែស្វ័យហ្វឹកហាត់បន្ថែមនៅផ្ទះ ដើម្បីពង្រឹងការប្រើជើង

យុវជន សាយ ចាន់តុលា លេងតំណែងជាអ្នកចាំទីឱ្យក្រុមវិទ្យាល័យជាស៊ីមសាមគ្គី បានថារូបគេនៅផ្ទះតែងតែចំណាយពេលជាមួយបាល់ ដោយព្យាយាមទាត់បាល់ទៅវិញទៅមកឡងនឹងជញ្ជាំងផ្ទះក្នុងគោលដៅពង្រឹងសមត្ថភាពនៃការប្រើប្រាស់ជើង ដែលជាតម្រូវការចាំបាច់ក្នុងបាល់ទាត់នាពេលបច្ចុប្បន្ន។

យុវជនវ័យ១៩ ឆ្នាំដដែលថាតំណែងជាអ្នកចាំទីក្នុងពេលបច្ចុប្បន្ន បើអាចលេងជើងបានពិនប្រសប់ វាជាផលវិជ្ជមានមួយក្នុងការលេងបាល់ជាមួយមិត្តរួមក្រុមនៅពីមុខខ្លួនបាន។ អ្នកចាំទីរៀនថ្នាក់ទី ១១ រូបនេះក៏ធ្លាប់ជាយុវជនកម្រិតអាយុក្រោម ១៨ ឆ្នាំរបស់ក្លឹបភ្នំពេញក្រោនបានជាង ៦ឆ្នាំដែរ។ ​តុលា ថាគេតែងតែលួចមើលរបៀបចាំទី និងការប្រើប្រាស់ជើងរបស់រៀមច្បង អ៊ុំ វិចិត្រ ខ្លះៗដើម្បីអភិវឌ្ឍតំណែងជាអ្នកចាំទីរបស់ខ្លួន។

“ដោយសារខ្ញុំចាំទីចូលចិត្តលេងឡើងច្រើន ប៉ះបាល់ច្រើន គឺខ្ញុំចូលចិត្តបាល់ចឹងពេលទំនេរខ្ញុំឧស្សាហ៍ទាត់បាល់ទៅវិញទៅមកជាមួយជញ្ជាំងផ្ទះអីចឹង”

អ្នកចាំទី សាយ ចាន់តុលា បីប្រកួតចុងក្រោយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកពិន្ទុឱ្យវិទ្យាល័យរបស់ខ្លួន ដោយគិតជាមធ្យមគេរបូតត្រឹមតែ ១គ្រាប់ក្នុងមួយប្រកួតប៉ុណ្ណោះ។ ជាក់ស្តែងបីប្រកួតចុងក្រោយនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ រូបគេរក្សាសំណាញ់ទីបានមួយលើកកាលយកឈ្នះវិទ្យាល័យ ច្បារអំពៅ ១-០ ,របូត ១គ្រាប់ទល់នឹងវិទ្យាល័យ ជ័យវរ្ម័នទី៧ និងរបូត ២គ្រាប់កាលពីប្រកួតទល់នឹងជើងឯកចាស់ វិទ្យាល័យព្រះស៊ីសុវត្ថិ ៣-២ ៕