កីឡាការិនីក្លិបវាយសីភ្នំពេញ ហៀង លក្ខិណា រំឭកថា ពេលចេញប្រកួតដំបូងៗកាល៥ទៅ៦ឆ្នាំមុន នាងមិនដែលទទួលបានជ័យជម្នះឡើយ ពោលបានត្រឹមបរាជ័យបន្តបន្ទាប់ រហូតដល់ស្រក់ទឹកភ្នែក។
យុវតីមានប្រភពពីខេត្តកំពង់ឆ្នាំងរំឭកថា កាលណោះពិតជាពិបាកសម្រាប់នាង ព្រោះទើបចេញប្រកួតដំបូងៗ ហើយពេលនោះ ក៏មិនដែលចេញទៅប្រកួតក្រៅខេត្តដែរ ហើយម្យ៉ាងនៅក្មេងពេក ដូច្នេះសមត្ថភាពនៅស្ទើរខ្លាំង។
យ៉ាងណា នាងដាក់ចិត្តខំប្រឹងប្រែងមិនបោះបង់ រហូតអាចវិវឌ្ឍបន្តិចម្ដងៗ និងបានផ្លាស់មកហាត់នៅរាជធានីភ្នំពេញ។
ដើមឡើយកាលនៅរៀនថ្នាក់ទី៦ អំឡុងឆ្នាំ២០១៥ លក្ខិណា បានចូលរួមប្រកួតអន្តពលកម្ម ផ្នែកលោតកម្ពស់។ ប៉ុន្តែក្រោយមក នាងត្រូវបានបងស្រីដែលជាអ្នកស្គាល់គ្នាណែនាំលេងកីឡាវាយសី និងបានចូលហ្វឹកហាត់ក្នុងក្លិបខេត្តកំពង់ឆ្នាំង រហូតកើតចិត្តស្រលាញ់តែម្ដង។ និស្សិតឆ្នាំទី២រូបនេះក៏ធ្លាប់ជាប់ឈ្មោះហ្វឹកហាត់ជម្រើសជាតិផងដែរនាពេលកន្លងមក។ នាងថា នឹងខិតខំប្រឹងប្រែងសម្រួចសមត្ថភាពដើម្បីបានឱកាសតំណាងជាតិប្រកួតអន្តរជាតិឱ្យបានច្រើន៕