លោក ញែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យប្ញស្សីកែវ ថាពេញចិត្តនឹងលទ្ធផលឈ្នះក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ៦-១ ក្នុងជើងទីមួយវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ដែលដូចនឹងការគ្រោងទុករបស់លោក។ គ្រូបង្វឹកមានមូលដ្ឋានក្នុងខ័ណ្ឌប្ញស្សីកែវដដែល បន្តថាសម្រាប់ជើងទីពីរក្រុមលោកនឹងបន្តលេងពេញសាច់បែបនេះទៀត មិនគិតថាក្រុមខ្លួនចំណេញគ្រាប់បាល់ច្រើនហើយលេងទម្លាក់ ឬបន្ធូរអ្វីឡើយ។
“ចូលដល់ជើងទី២ ពួកយើងនឹងបន្តពង្រឹងក្រុមបន្ថែមយកលទ្ធផលល្អទៀត ដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រ”។
ដោយឡែកសម្រាប់លោក មុំ វិត អ្នកចាត់ការក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ បានអះអាងថាកត្តាកម្លាំង និងកង្វះខាតទីលានសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ជាបញ្ហាសំខាន់ជះឥទ្ធិពលអាក្រក់ដល់លទ្ធផលសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រជើងទី១នេះ។
“កត្តាសំខាន់ដែលធ្វើឱ្យមានលទ្ធផលបែបនេះដោយសារកត្តាធំចំបងគឺទីលាន អត់មានទីលានហ្វឹកហាត់ដោយសារសាលាគឺលិចទឹក វាធ្វើឱ្យពួកយើងពិបាកប្រមូលផ្តុំកីឡាករ”។
គួរបញ្ជាក់ផងដែរ ក្រុមទាំងពីរគឺជាក្រុមដែលមានពិន្ទុខ្ពស់ទាំងបួនក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី ៣នេះ ពោលក្រុមវិទ្យាល័យប្ញស្សីកែវបញ្ចប់ទៅក្នុងវគ្គសន្សំពិន្ទុក្នុងលេខរៀងទី១ និងក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ឈរនៅលេខរៀងទី៤នៃតារាងពិន្ទុសរុប។ សម្រាប់ជើងទីពីរ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នាជាថ្មីនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីលានវិទ្យាល័យបឹងត្របែក៕