ក្រុមកីឡាករបាល់ទាត់លើតុ ឬ Teqball របស់កម្ពុជាមានការព្រួយបារម្ភខ្លះៗដែរ សម្រាប់ការប្រកួតបាល់ទាត់លើតុកម្រិតពិភពលោកនៅប្រទេសថៃ ចន្លោះថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ០៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ យ៉ាងសម្រាប់កីឡាករ រៀម សុខភិរម្យ ឱកាសទៅប្រកួតប្រជែងកម្រិតពិភពលោកនេះ វានឹងជាបទពិសោធថ្មីមួយទៀតសម្រាប់លោក ពិសេសកីឡាករជោកជាំដោយបទពិសោធរូបនេះ ថានឹងព្យាយាមសិក្សាចំណុចល្អៗយកមកអភិវឌ្ឍក្នុងប្រទេសវិញផងដែរ។
“បាទសម្រាប់ខ្ញុំការប្តេជ្ញាចិត្ត ដូចទៅនិងការប្រកួតក្នុង Sea Games ចឹងគឺនឹងប្តេជ្ញាចិត្តឱ្យទទួលលទ្ធផលដែលល្អបំផុតដែលខ្ញុំអាចធ្វើទៅបាន”។
ដោយឡែកសម្រាប់កីឡាករ ប៊ុន ធួនវីរៈ មានក្តីរំភើបរីករាយជាខ្លាំងក្នុងការចេញទៅប្រកួតនៅប្រទេសថៃក្នុងព្រឹត្តិការណ៍ Teqball World Championships នេះ។ កីឡាករមានប្រភពពីខេត្តប៉ៃលិនខាងលើ មានក្តីសង្ឃឹមគួរសមបើចាប់ពូលជួបប្រទេសដែលគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា។
“ការបារម្ភមានច្រើនទីមួយខ្លាចទៅដល់អត់ឃើញដៃគូយើងប្រកួត ហើយខ្លាចចាប់សេវាគេអត់បាន ឬក៏អាចចាញ់ច្រាបគេជាដើម”។
មិនសូវខុសគ្នាច្រើន កីឡាការិនី ម៉ី ស្រីមាស ដែលត្រូវជាដៃគូរបស់កីឡាករ ធួនវីរៈ ក្នុងប្រភេទវិញ្ញាសា MIX បុរស-នារី ក៏បន្ថែមទៀតដែរថា
“សម្រាប់ការប្រកួតនៅប្រទេសថៃនេះពួកយើងមិនសូវរំពឹងខ្ពស់ប៉ុន្មានទេ ប៉ុន្តែពួកខ្ញុំនឹងខំប្រឹងឱ្យអស់ពីបេះដូង”។
នេះជាលើកទីមួយហើយដែលកីឡាករ-កីឡាការិនី បាល់ទាត់លើតុកម្ពុជាបានចូលរួមក្នុងការប្រកួត Teqball World Championships នេះ ខណៈព្រឹត្តិការណ៍កម្រិតពិភពលោកនេះគេបង្កើតឡើងមក ៦ឆ្នាំមកហើយ៕