អ្នកស្រី ព្រំ ប៊ុណ្ណាវី ម្ដាយបង្កើតខ្សែប្រយុទ្ធក្រុមវិទ្យាល័យឫស្សីកែវ ធាវី ទិត្យមុន្នីចេស្ដា អះអាងថា មិនដែលរារាំងកូនប្រុសពីការលេងកីឡាបាល់ទាត់ទេ ព្រោះជាអ្វីដែលគេចូលចិត្ត និងស្រលាញ់តាំងពីតូចក្រូចឆ្មាម្ល៉េះ។ ដូច្នេះហើយស្ត្រីជាអ្នកលក់ដូរនៅខណ្ឌឫស្សីកែវថ្លែងថា មានតែការលើកទឹកចិត្ត និងជំរុញកូនប្រុសទី២រូបនេះតទៅមុខទៀត។
អ្នកស្រី ប៊ុណ្ណាវី សង្កត់ធ្ងន់ថា ប្រសិនបើចេស្ដាចង់អាជីពកីឡាបាល់ទាត់ជាអាជីពតែម្ដងនាពេលអនាគត ក៏អ្នកស្រីមិនហាមឃាត់ដែរ ព្រោះជាការសម្រេចចិត្តរបស់កូន។ ស្ត្រីកូន៣ដដែលបន្តថា ការលេងកីឡាបាល់ទាត់ជាសកម្មភាពដ៏ល្អមួយ ព្រោះអាចឱ្យកូនៗមានសុខភាពល្អផង និងចៀសឆ្ងាយពីទង្វើមិនល្អក្នុងសង្គម។
ឈានដល់ឆ្នាំសិក្សាថ្មីនេះ ទិត្យមុន្នីចេស្ដា ចូលដល់ថ្នាក់ទី១១ហើយ ហើយអ្នកស្រី ប៊ុណ្ណាវី ប្រាប់ថា មិនមានបញ្ហាអ្វីទេពេលរៀនផង និងលេងកីឡាផងបែបនេះ។
យុវជនវ័យ១៧ឆ្នាំខាងលើក៏ធ្លាប់ហ្វឹកហាត់ក្នុងក្រុមអាយុក្រោម១៥ឆ្នាំបឹងកេតមួយរយៈដែរកាលឆ្នាំ២០១៩។ គេធ្លាប់ប្រាប់ថា ការក្លាយខ្លួនជាកីឡាករជាក្ដីស្រមៃមួយ ព្រោះចង់មានភាពល្បីល្បាញដូចអ្នកឯទៀត។
នេះជាឆ្នាំទី២ហើយដែលចេស្ដាបានជាប់ឈ្មោះជួយក្រុមវិទ្យាល័យឫស្សីកែវក្នុងការប្រកួត AIA ជើងឯកវិទ្យាល័យ និងជាកម្លាំងស្នូលមួយសម្រាប់ក្រុម៕