Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូជំនួយវិ.ឥន្រ្ទទេវី ភ្ញាក់ផ្អើលលើការរកគ្រាប់យ៉ាងលឿនរបស់វិ.ច្បារអំពៅ

លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី មានការភ្ញាក់ផ្អើល និងក្តីបារម្ភខ្លះៗដែរជុំវិញការរកគ្រាប់បាល់តាមពីក្រោយវិញពីរគ្រាប់របស់ក្រុមកីឡាករខាងវិទ្យាល័យច្បារអំពៅក្នុងតង់ទី២ ដោយប្រើពេលវេលាប្រមាណ ១៥នាទីនោះ។ លោកថ្លែងបែបនេះក្រោយចប់ការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ដោយក្រុមវិទ្យាល័យឥន្រ្ទទេវីបានយកឈ្នះលើក្រុមវិទ្យាល័យច្បារអំពៅ ៥-២ នៅទីលានវិទ្យាល័យបឹងត្របែក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាគ្រូជំនួយមានប្រភពពីខេត្តស្វាយរៀង ពេញចិត្តការលេងរបស់ក្រុមលោក ពិសេសការលេងជាក្រុម និងប្រសិទ្ធិភាពនៃការបញ្ចប់ទីរបស់កូនក្រុមលោក។ សម្រាប់ជើងទីពីរលោកក៏ដូចជាក្រុមទាំងមូលនឹងព្យាយាមធ្វើឱ្យបានល្អទៅទៀតដើម្បីធានាកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៣ ឆ្នាំ២០២៣។

“ចូលដល់វគ្គទី២ អាចជាមិនក្រោម១៥នាទីទេ គេរកបាន២គ្រាប់វាជាក្តីបារម្ភមួយដែរ ប្រសិនគេមានឱកាសតាមយើងដល់ ៣ស្មើក្នុងអំឡុងរយៈពេលត្រឹម ២០នាទីអីយើងក៏ពិបាកក្នុងការរៀបចំឡើងវិញ”។

សម្រាប់ជើងទីពីរ ក្រុមវិទ្យាល័យឥន្រ្ទទេវី និងក្រុមវិទ្យាល័យច្បារអំពៅ នឹងត្រូវតទល់ជាមួយគ្នាសារជាថ្មី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីលានវិទ្យាល័យបឹងត្របែក ដើម្បីស្វែងរកក្រុមដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រជាបន្ត៕