ភ្នំពេញ៖ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ទទួលបានប្រាក់ឧបត្ថម្ភពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៥០០០ដុល្លារ ក្នុងការធ្វើដំណើរទៅលីគកំពូលនៅតៃវ៉ាន់វិញ។ វាសនា បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ថា៖
សូមគោរពអរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លាជាលើកទឹកចិត្តបន្ថែមដល់រូបខ្ញុំតាមរយៈលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសម្រាប់បន្តដំណើរទៅលេងលីគកំពូលនៅតៃវ៉ាន់ ប្រទេសចិន។
សូមគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បងបណ្ឌិតអគ្គលេខា ជួបតែពុទ្ធពរទាំងបួនប្រការ និងជោគជ័យគ្រប់ភារកិច្ចសម្រាប់ជាតិ និងប្រជាជន៕
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ដែលលេងដំណែងជាស្មាត់ស្ដាំ នឹងទៅប្រកបអាជីពនៅលីគបាល់ទះរបស់កោះតៃវ៉ាន់ រយៈពេល២ឆ្នាំ ជាមួយក្លិបបាល់ទះ Win Streak ដោយទទួលបានថ្លៃនឿយហត់ជាង ១០ម៉ឺនដុល្លារ៕