ក្លិប Nottingham Forest ដែលទើបឡើងមកក្របខណ្ឌ Premier League ជាថ្មីក្រោយបាត់មុខរយៈពេល២៣ឆ្នាំ បានទិញចូលខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា Taiwo Awoniyi ពីក្លិប Union Berlin ក្នុងតម្លៃឯតទគ្គកម្មផ្ទាល់ខ្លួន ១៧លានផោន (២១លានដុល្លារ)។
![](https://asset.ams.com.kh/sports/media/taiwoberlin-1024x768.jpg)
Awoniyi រកបាន២០គ្រាប់ពីការចូលលេង៤៣ប្រកួតសម្រាប់ Union Berlin រដូវកាលមុន។ បើគិតតែក្នុងក្របខណ្ឌ Bundesliga ខ្សែប្រយុទ្ធរូបនេះរកបាន១៥គ្រាប់ពី៣១ប្រកួត គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេទី៦ក្នុងលីគកំពូលអាល្លឺម៉ង់ និងបានជួយ Berlin បានលេខ៥ក្នុងលីគ ហើយធានាបានកៅអី Europa League ជាលើកទី១តាំងពីរដូវកាល២០០១-០២មក។
ថ្វីបើលេចធ្លោនៅអាល្លឺម៉ង់ តែតាមពិតទៅ Awoniyi នេះជាអតីតកីឡាកររបស់ Liverpool។ គេបានផ្ដើមអាជីពនៅ Liverpool ក្នុងឆ្នាំ២០១៥ បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនៅថ្នាល Imperial Soccer Academy។ ប៉ុន្តែ ខ្សែប្រយុទ្ធកម្ពស់១,៨៣ម៉ែត្ររូបនេះពុំដែលបានលេងឱ្យក្រុមហង្សក្រហមឡើយ ដោយត្រូវបានបញ្ចេញឱ្យក្លិបជាច្រើនខ្ចីជាបន្តបន្ទាប់។
![](https://asset.ams.com.kh/sports/media/taiwomane.jpg)
Awoniyi បានលេងឱ្យ Frankfurt រដូវកាល២០១៥-១៦, NEC រដូវកាល២០១៦-១៧, Mouscron រដូវកាល២០១៧-១៨, Gent រដូវកាល២០១៨-១៩, Mainz 05 រដូវកាល២០១៩-២០ និង Union Berlin ខ្ចីក្នុងរដូវកាល២០២០-២១ មុនពេលទិញផ្ដាច់ពី Liverpool ឆ្នាំមុនក្នុងតម្លៃប្រហែល៦,៥លានផោន (៨លានដុល្លារ)។
បន្ទាប់ពីចុះកិច្ចសន្យា៥ឆ្នាំជាមួយ Nottingham Forest ដែលជាអតីតជើងឯកទ្វីបអឺរ៉ុប២សម័យកាលពីចុងទសវត្សរ៍១៩៧០ Awoniyi និយាយថា៖ «វាតែងតែជាក្ដីស្រមៃរបស់ខ្ញុំក្នុងការលេងក្នុងក្របខណ្ឌ Premier League។ ក្រោយបាននិយាយជាមួយលោកគ្រូ Steve Cooper អំពីមហិច្ឆតារបស់ក្លិប និងតាមរយៈប្រវត្តិសាស្ត្រអស្ចារ្យរបស់ក្លិប Forest ជាក្លិបដែលខ្ញុំចង់ចូលរួម»។
ចំណែក អ្នកចាត់ការ Forest លោក Steve Cooper បាននិយាយថា Awoniyi ជាកីឡាករដែលក្លិបលោកបានតាមដានយ៉ាងដិតដល់រយៈពេលពីរបីខែចុងក្រោយនេះ។ មានក្លិបជាច្រើនក្នុង Premier League និងក្លិបនៅលីគដទៃក្នុងទ្វីបអឺរ៉ុបចង់បាន Awoniyi ហើយលោកសប្បាយចិត្តណាស់ដែលខ្សែប្រយុទ្ធរូបនេះបានជ្រើសយក Nottingham Forest។
![](https://asset.ams.com.kh/sports/media/taiwo11.jpg)
Awoniyi បានក្លាយជាសមាជិកថ្មីទី១របស់ Nottingham Forest តាំងពីឈ្នះការដំឡើងមកលីគកំពូលអង់គ្លេសជាថ្មី បន្ទាប់ពីបានធ្លាក់ចេញក្នុងឆ្នាំ១៩៩៩។ ហើយក្លិបនេះក៏បានឈានដល់ការព្រមព្រៀងជាមួយ Manchester United ដើម្បីខ្ចីអ្នកចាំទីអង់គ្លេស Dean Henderson ១រដូវកាល។ ក្លិបដែលធ្លាប់លើកពានលីគកំពូលអង់គ្លេស១ដង, FA Cup ២ដង និង League Cup ៤ដង ក៏កំពុងចរចាជាមួយ Mainz 05 ដើម្បីទិញខ្សែការពារកណ្ដាលបារាំងវ័យ២៦ឆ្នាំ Moussa Niakhate ផងដែរ៕
ប្រភព៖ BBC