កីឡាយុទ្ធគុនចម្រុះកម្ពុជា ឈ្នះមេដាយប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសថៃ។
កីឡាករ ឡុង ឡា ដណ្តើមបានមេដាយប្រាក់០១គ្រឿង និងកីឡាការិនី អ៊ុ ថារ័ត្ន ដណ្តើមបានមេដាយសំរិទ្ធ ០១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ “World MMA Championships 2023” នៅទីក្រុងបាងកក ប្រទេសថៃ។
ការទទួលបានលទ្ធផលដ៏គាប់ប្រសើរជូនជាតិនេះដែរ អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោកបណ្ឌិត សេង ប៊ុនសុង លើកឡើងថា ការទទួលបានជោគជ័យនេះគឺដោយសារការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរបស់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងអត្តពលិកផងដែរ។ អនុប្រធានសហព័ន្ធដដែលបន្ថែមថា កីឡាយុទ្ធគុនចម្រុះកម្ពុជា ទើបតែចាប់ផ្តើមបង្កើតសហព័ន្ធក្តី ប៉ុន្តែអាចរកបានមេដាយកម្រិតពិភពលោកជារឿងល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ “World MMA Championships 2023” នៅទីក្រុងបាងកក ប្រទេសថៃ ដឹកនាំដោយប្រធានប្រតិភូ លោកបណ្ឌិត សេង ប៊ុនសុង រួមដំណើរជាមួយគ្រូបង្វឹក លោក ហ៊ុន ច័ន្ទរាជ្យ មន្ត្រី និងកីឡាករ-កីឡាការិនី ១៣រូបផ្សេងទៀត។
សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ “World MMA Championships 2023” នៅទីក្រុងបាងកក ប្រទេសថៃនេះដែរបានចាប់ផ្តើមពីថ្ងៃទី៦ ដល់ទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣៕