ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុទាំងអស់បន្តខិតខំហ្វឹកហាត់ឱ្យបានទៀតទាត់ និងខ្លាំងក្លាបន្ថែមទៀត ឈានទៅរកគុណផលកីឡាកម្រិតខ្ពស់ និងស្វែងរកជ័យលាភីជូនជាតិមាតុភូមិ ពិសេសត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ។
ការជំរុញលើកទឹកចិត្តរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើឡើង នៅក្នុងឱកាសបិទការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលដំបូលទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមទស្សនាការប្រកួត និងពិធីបិទការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធបាល់ទាត់លើតុអន្តរជាតិ ធ្វើឱ្យដំណើរការរៀបចំការប្រកួតប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យនាពេលនេះ។
ប្រធាន NOCC បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា គួររំលឹកថា ខ្ញុំបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងកិច្ចប្រជុំកីឡាអន្តរជាតិមួយចំនួនទៀត គេតែងតែបំផុសផ្សព្វផ្សាយ និងជំរុញឱ្យមានការទទួលយក និងអភិវឌ្ឍប្រភេទកីឡាបាល់ទាត់លើតុ (Teqball) នៅលើពិភពលោក។ Teqball ជាប្រភេទកីឡាបង្កើតឡើងថ្មី ប៉ុន្តែមានការរីកចម្រើនលឿន ដែលបច្ចុប្បន្នមានសមាជិកជាង ១០០ប្រទេស ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បើទោះបីមិនទាន់បានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ។
ដោយឡែកកម្ពុជាបានខិតខំរៀបចំបង្កើតសហព័ន្ធកីឡាបាល់ទាត់លើតុនេះចាប់ពីឆ្នាំ២០២១ ហើយបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២។ ដោយសារសក្តានុពល និងប្រជាប្រិយភាពនៃកីឡាបាល់ទាត់លើតុបានទាក់ទាញចំណូលចិត្តយុវជន ទើបកីឡា Teqball ត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងការប្រកួត SEA Games 2023 ក្នុងនាមជា ប្រភេទកីឡាបង្ហាញ ហើយអត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៣ ផងដែរ។បើទោះបីជាសហព័ន្ធទើបតែបង្កើតឡើងថ្មីក៏ដោយ ប៉ុន្តែសហព័ន្ធបានធ្វើសកម្មភាពជាច្រើនជាមួយនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិលើកទី១ ប្រចាំឆ្នាំ២០២៣ ដែលមានក្លឹបចូលរួមចំនួន ៩ មានកីឡាករ ២៥រូប និងកីឡាការិនី ១២រូប សរុប ៣៧រូប ហើយបានបង្ហាញពីការរីកចម្រើនបន្ថែមទៀតសម្រាប់វិស័យកីឡា Teqball នៅកម្ពុជា ។ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ និងសូមលើកទឹកចិត្តបន្តការខិតខំបន្ថែមទៀត ដើម្បីឈានទៅរកសក្តានុពលកីឡា Teqball ក្នុងតំបន់ និងលើពិភពលោក។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៥វិញ្ញាសា រួមមាន៖ វិញ្ញាសាឯកត្តជននារី មេដាយមាស កីឡាការិនី យ៉ន សោភ័ណ្ណរស្មី មកពីក្លឹបក្រសួងមហាផ្ទៃ មេដាយប្រាក់ កីឡាការិនី ឌី គឹមយាន មកពីក្លឹបជ័យជម្នះ និងមេដាយសំរឹទ្ធបានទៅលើកីឡាការិនី ប្លុង ពេជ្រអក្ខរ៉ា មកពីក្លឹបអមរៈ និងវិញ្ញាសាឯកត្ដជនបុរស មេដាយមាស កីឡាករ រៀម សុខភិរម្យ មកពីក្លឹបជ័យជម្នះ មេដាយប្រាក់ កីឡាករ ហ៊ូ សំបូរ មកពីក្លឹបវិទ្យាល័យព្រះស៊ីសុវត្ថិ និងមេដាយសំរឹទ្ធបានទៅលើកីឡាការ ឈិន តា មកពីក្លឹបមិត្តភាព។
ចំពោះជ័យលាភីវិញ្ញាសាទាត់គូនារី មេដាយមាស ក្លឹបក្រសួងមហាផ្ទៃ មេដាយប្រាក់ ក្លឹបជ័យជម្នះ ខណៈមេដាយសំរឹទ្ធបានទៅលើក្លឹបអមរៈ រីឯវិញ្ញាសាទាត់គូបុរស មេដាយមាស ក្លឹប We are DN មេដាយប្រាក់ ក្លឹបក្រសួងមហាផ្ទៃ មេដាយសំរឹទ្ធ បានទៅលើក្លឹបក្ដាន់២ សម្រាប់វិញ្ញាសាទាត់គូចម្រុះ មេដាយមាស ក្លឹបជ័យជម្នះ មេដាយប្រាក់ ក្លឹបក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធ បានទៅក្លឹបវិទ្យាល័យព្រះស៊ីសុវត្ថិ៕