Skip to content
    ទំព័រដើម  »  កីឡាជាតិ

តិចនិចមួយចំនួនក្រុមការ៉ាតេដូនារី ក្លឹបហនុមានប្រើសម្រាប់ដណ្តើមមេដាយមាសថ្នាក់ជាតិ

យុវតី វ៉ាន់ ចរិយា, ភួង សុផល និង លីម សុខវិច្ឆិកា ជាក្រុមការ៉ាតេដូនារីនៃក្លឹប ការ៉ាតេ-ដូ ហនុមាន បានបង្ហើបនៅបច្ចេកទេសខ្លះៗដែលពួកគេប្រើប្រាស់ក្នុងការប្រជែងមេដាយនានា ពិសេសគឺការឈ្នះមេដាយមាសក្នុង​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ ថ្មីៗកន្លងទៅ។ ក្រុមយុវតីដែលលេងក្នុងប្រភេទវិញ្ញាសាប្រយុទ្ធដដែលបាន បញ្ជាក់បន្ថែមថា ការវិភាគអំពីដៃគូបានល្អិតល្អន់ និងការហ្វឹកហាត់ជាមួយគ្នាដិតដល់ជាកម្លាំងស្នូលនៃការដណ្តើមបានមេដាយមាសនេះ។

លក្ខណៈពិសេសនៃក្រុមគឺការជួយគ្នា លើកទឹកចិត្តគ្នា ការតាំងចិត្តឱ្យស្ងប់ ស្មារតីជាក្រុមដឹងតែឈ្នះតែម្តង។

កីឡាការិនីទាំងបីនាក់ ក៏បានបង្ហាញការពេញចិត្តចំពោះការដែលមានព្រឹត្តិការណ៍កម្រិតថ្នាក់ជាតិនេះម្តងៗ ហើយក៏ឃើញថាមានការកើនឡើងនៃចំនួនកីឡាករ-កីឡាការិនី ចូលរួមក្នុងឆ្នាំនេះដែលជាផលវិជ្ជមានមួយសម្រាប់ការបណ្តុះធនធានក្នុងប្រភេទកីឡាដែលមានប្រភពពីប្រទេសជប៉ុននេះផងដែរ។ លើសពីនេះពួកគេទាំងបីក៏បានតាំងចិត្តសម្រាប់ការដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ធំៗជូនជាតិ នាពេលខាងមុខបន្ថែមទៀត ពិសេស Sea Games លើកទី៣៣ និងព្រឹត្តិការណ៍ Asian Youth Games ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្តេជ្ញាចិត្តថានឹងខិតខំហ្វឹកហាត់ សម្រេចគោលដៅនៅថ្ងៃខាងមុខ នឹងដណ្តើមមេដាយជូនជាតិឱ្យបានសម្រាប់ព្រឹត្តិការណ៍នានា ។

សូមរំឭកថា យុវតី វណ្ណ ចរិយា, ភួង សុផល និង លីម សុខវិច្ឆិកា បានឈ្នះមេដាយមាសមួយគ្រឿងក្នុងប្រភេទវិញ្ញាសាប្រយុទ្ធនារី សម្រាប់ក្លិប​កា​រ៉ា​តេ​-​ដូ​ហនុមានជារួមក្នុងការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៣ បញ្ចប់ទៅនៅចំណាត់ថ្នាក់ទី៤ ដោយឈ្នះមេដាយមាស​ ៤ ប្រាក់ ៧ និងសំរឹទ្ធ​ ៩ គ្រឿងផងដែរ៕