Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាករសំខាន់ៗពីររូប រងរបួសលើទីលាននៅក្នុងជុំទីពីរ នៃពានរង្វាន់បាល់ទះតេជោលីគ

ភ្នំពេញ៖ កីឡាករដ៏ល្អៗ ពីររូបបានរងរបួសក្នុងការប្រកួតជុំទីពីរនៃពានរង្វាន់បាល់ទះតេជោលីគ។ ក្នុងនោះរួមមានអ្នកប៉ះសេដែលគេរហស្សនាមថា ប៉ះសេ៧ជំនាន់កន្លះ ហួត សុភា របស់កងពលធំអន្តរាគមន៍លេខ៣ បានរង់របួសម្រាមដៃក្នុងសិតទីពីរនៃជំនួប កងពលធំអន្តរាគមន៍លេខ៣ ជាមួយ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។ ដែលធ្វើឲ្យអ្នកប៉ះសេមុខស្រស់ចាស់វស្សា មិនអាចបន្តជួយក្រុមបាន។ ការប្រកួតនេះផងដែរ កងពលធំអន្តរាគមន៍លេខ៣ បានចាញ់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ៣សិតទល់០។ ដោយឆ្លងកាត់ទាំង ១១ប្រកួត កងពលធំអន្តរាគមន៍លេខ៣ ឈ្នះ៣ ចាញ់៨ មាន៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម៦ក្រុម ជុំទីពីរ នៃពានរង្វាន់បាល់ទះ តេជោលីគ។

ធី ម៉េងហួង ជាប្រធានក្រុមរបស់សមាគមន៍បាល់ទះក្រសួងមហាផ្ទៃហើយក៏ជាកីឡាករទីពីរដែលបានរងរបួសនៅលើទីលានប្រកួតកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៤។ ម៉េងហួង បានរបួសស្មានៅក្នុងសិតទីមួយដែលក្រសួងមហាផ្ទៃ កំពុងមានពិន្ទុនាំមុខ ក្រុមបាល់ទះវិសាខា ហើយក៏ជាការប្រកួតមួយដ៏ជក់ចិត្តនាចុងសប្ដាហ៍ផងដែរ។ ជាការប្រកួតដែលមានអ្នកទៅទស្សនាផ្ទាល់យ៉ាងច្រើនកុះករ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានអូឡាំពិក។

ហើយជាលទ្ធផល សមាគមន៍បាល់ទះក្រសួងមហាផ្ទៃ បានរងបរាជ័យ ៣សិត ទល់០ ក្រោមថ្វីដៃវិសាខា។ ឆ្លងកាត់១១ប្រកួត សមាគមន៍បាល់ទះ ក្រសួងមហាផ្ទៃ ឈ្នះ៧ ចាញ់៤ មាន២១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៦ក្រុម ជើងទីពីរនៃពានរង្វាន់បាល់ទះ តេជោលីគ។

សម្រាប់តារាងពិន្ទុដែលគិតត្រឹម ១១ប្រកួតកន្លងមក គឺវិសាខា ឈរលេខមួយ ដែលមិនដែលស្គាល់ពាក្យនោះឡើង ១១ប្រកួត ឈ្នះទាំង១១ប្រកួត មាន៣៣ពិន្ទុក្នុងដៃ។

-លេខពីរ បញ្ជាការដ្ឋានអង្គរក្ស ១១ប្រកួត ឈ្នះ៩ ចាញ់២ មាន២៦ពិន្ទុ
-លេងបីក្រុមក្រសួងមហាផ្ទៃ ១១ប្រកួត ឈ្នះ៧ ចាញ់៤ មាន២១ពិន្ទុ
-លេខបួន ក្រុមស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ ១១ប្រកួត ឈ្នះ៦ ចាញ់ មាន១៧ពិន្ទុ
-លេខប្រាំ ក្រុងស្នងការដ្ឋាន ន.ប ខេត្តពោធិ៍សាត់ ១១ប្រកួត ឈ្នះ៣ ចាញ់៨ មាន១១ពិន្ទុ
-លេង៦ ក្រុមកងពលធំអន្តរាគមន៍លេខ៣ ១១ប្រកួត ឈ្នះ៣ ចាញ់៨ មានពិន្ទុ៨។

ជុំទីពីរនឹងត្រូវបិតបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ហើយត្រូវកាត់ចោលចំនួនពីរក្រុម នៅសល់បួនក្រុមត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៧ ដោយក្រុមលេខ១ ត្រូវជួបជាមួយក្រុមលេខ៤ ក្រុមលេខ២ ត្រូវជួបក្រុមលេខ៣។ នៅថ្ងៃទី១៨ ជាវគ្គផ្ដាច់ព្រ័ត្រ ដែលក្រុមចាញ់ ត្រូវជួបក្រុមចាញ់ ដើម្បីយកចំណាត់ថ្នាក់លេខបី ហើយក្រុមឈ្នះត្រូវជួបក្រុមឈ្នះ ដើម្បីយកចំណាត់ថ្នាក់លេខមួយ ដែលមានប្រាក់រង្វាន់៦០លានរៀល៕