ក្លិបបាល់ទាត់បឹងកេត នៅថ្ងៃសុក្រទី២០ខែវិច្ឆិកាឆ្នាំ២០២០នេះ បានបញ្ចេញអាវពិសេសរបស់ខ្លួន មានពណ៌ចម្រុះលាយឡំគ្នាយ៉ាងទាក់ទាញ ក្រោយគ្រងតំណែងជាជើងឯកក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League រដូវកាល ២០២០។
អាវនេះជាផលិតផលមានកំណត់ (Limited Edition) ដោយផលិតតែ១០០អាវប៉ុណ្ណោះ និងបង្កប់អត្ថន័យនៃការសហការគ្នាជាក្រុមពីគ្រប់គ្នានៅក្នុងក្លិបដើម្បីសម្រេចបានជោគជ័យឆ្នាំនេះ។ អាវដ៏ស្រស់ស្អាតនេះ ប្រមូលពណ៌អាវអ្នកចាំទី ឈុតក្នុងផ្ទះ ក្រៅផ្ទះ និង ឈុតទី៣ និយាយរួមឈុតទាំងអស់នៅក្នុងឆ្នាំ ២០២០ ដើម្បីជាការអបអរសាទរការឈ្នះពានរង្វាន់លីគកំពូលកម្ពុជាលើកទី៤។
អាវពិសេសនេះ ត្រូវបានផលិតសម្រាប់ទុកជាអនុស្សាវរីយ៍និងការចងចាំចំពោះកីឡាករទាំងអស់ ដែលបានរួមចំណែកជួយឱ្យក្រុមទទួលបានជោគជ័យ និងសម្រាប់អ្នកគាំទ្រ ដែលតែងតែជំរុញ និង ផ្ដល់កម្លាំងចិត្តនៅក្នុងការប្រកួត រហូតដល់វិនាទីចុងក្រោយ។
សម្រាប់អ្នកគាំទ្រដែលចង់បានអាវនេះ ក្លិបបឹងកេតក៏មានលក់ជូនផងដែរ តែមានត្រឹម៥០អាវប៉ុណ្ណោះ ហើយលោកអ្នកអាចទាក់ទងទៅក្លិបបឹងកេតផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ក្លិប។
សូមរំឭកផងដែរថា ក្រុមបឹងកេតបានឈ្នះពានលីគកំពូលកម្ពុជា ដោយមានពិន្ទុស្មើជាមួយ ព្រះខ័នរាជស្វាយរៀង ប៉ុន្ដែបឹងកេតឈ្នះដោយលក្ខខណ្ឌ head-to-head (ជើងទីមួយ ព្រះខ័នរាជស្វាយរៀង ២-៤ បឹងកេត និងជើងទីពីរ បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង)។
តាំងពីឡើងចូលលីគកំពូលក្នុងឆ្នាំ២០១២ នេះជាលើកទី៤ ដែលបឹងកេតគ្រងជើងឯកក្នុងលីគ បន្ទាប់ពីខកខាន២រដូវកាល ដោយពួកគេធ្លាប់ឈ្នះពាននេះ ដំបូងនៅឆ្នាំ ២០១២ ហើយបន្ដឈ្នះនៅឆ្នាំ ២០១៦ និង ២០១៧។ ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ ពុំមានក្លិបណាឈ្នះលីគច្រើនដងជាងបឹងកេតឡើយ៕